អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តឡីស័ក
ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តឡីស័ក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ព្រែកតាពៅ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវពិនិត្យមើល ទីតាំងអាហារដ្ឋាន ភោជនីយដ្ឋាន និងកន្លែងប្រកបរបបនានា ត្រូវអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ហើយក្នុងករណីដែលបងប្អូនអាជីវករទាំងអស់មិនអនុវត្តតាម ឯកឧត្តមអភិបាលខេត្ត បញ្ជាឱ្យអាជ្ញាធរក្រុងតាខ្មៅ មានវិធានការឱ្យបានតឹងរឹងបំផុត នឹងឈានទៅដល់ការបិទអាជីវកម្មរបស់ពួកគាត់ផងដែរ។
ក្នុងនោះប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន៨៧នាក់ ត្រូវបានអាជ្ញាធរខេត្ត អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួន បន្ទាប់ពីបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល និងបានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ចំនួន ៣ដងលទ្ធផលអវិជ្ជមាននោះ។
ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានសំដែងនូវការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំង៨៧នាក់ ដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ព្រមទាំងផលធ្វើតេស្តរកមេរោគកូវី-១៩ ចំនួន៣ដងហើយលទ្ធផលមិនមានអ្នកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩ ឡើយ។
ទន្ទឹមនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ត្រូវអនុវត្តឱ្យបានល្អនៅវិធានការការពារមេរោគកូវីដ-១៩ ៣ការពារ ៣កុំ រួមមានៈ
១-ពាក់ម៉ាសជាប្រចាំ , ២.លាងដៃជាមួយ អាកុល សាប៊ូ ឬជែល ឱ្យបានញឹកញាប់ , ៣.រក្សាគម្លាតសង្គម គម្លាតបុគ្គល យ៉ាងតិច១ម៉ែត្រកន្លះឡើងទៅ និង ៣កុំ គឺ
១-កុំចូលរួមទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក , ២-កុំទៅកន្លែងមានមនុស្សច្រើន , ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម៕