អភិបាលរង ខេត្តស្វាយរៀង ដឹកនាំក្រុមការងារចុះពិនិត្យលក្ខណៈសម្បត្តិ ទីតាំងសណ្ឋាគារឯកជន សម្រាប់ត្រៀមបំរុងទុកជាកន្លែងព្យាបាលទី៣
ខេត្តស្វាយរៀង៖ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្ត តំណាងឲ្យឯកឧត្ដម អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធ ចុះពិនិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជន តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមបំរុងទុកជាកន្លែងព្យាបាលទី៣។
ក្នុងនោះក្រុមការងារ បានបន្តចុះពិនិត្យទីតាំងមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀត នៅស្រុកស្វាយទាប ដើម្បីផ្គូរផ្គង់ជ្រើសរើសបំរុងទុកប្រើប្រាស់ នៅក្នុងករណីចាំបាច់ណាមួយ។
សូមជំរាបដែរថា៖កន្លងមករដ្ឋបាលខេត្តស្វាយរៀងបានរៀបចំទីតាំងបម្រុងទុកព្យាបាលជំងឺកូវីដ១៩ចំនួន២កន្លែង រួមមាន៖ទី១មន្ទីរពេទ្យបង្អែកស្វាយជ្រំ និងទី២ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដើម្បីទ្រសភាពការណ៍ការក្នុងករណីមានការផ្ទះឡើងនូវជំងកូវីដ១៩ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺមានកូវីត១៩ វិជ្ជមាន២នាក់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងករណីដែលមានអ្នកជំងឺច្រើនពេញមន្ទីរពេទ្យ ស្វាយជ្រំ។រដ្ឋបាលខេត្ត នឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលកូវីដ១៩ បើមន្ទីរពេទ្យទាំង២ មានអ្នកជំងឺពេញទៀត រដ្ឋបាលខេត្តនឹងជួលទីតាំងសណ្ឋាគារឯកជនសម្រាប់រៀបចំទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀតផងដែរ៕