សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យផ្អាករាល់ការជួបជុំ ទាំងឡាយ ដែលមិនមានការចាំបាច់ ដើម្បីការពារការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩
រាជធានីភ្នំពេញ៖តាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយ កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឱ្យផ្អាករាល់ការជួបជុំ ទាំងឡាយ ដែលមិនមានការចាំបាច់។ក្នុងសារសំឡេងរបស់សម្តេចតេជោ បានឱ្យដឹងថា គិតត្រឹមម៉ោងជាង៩យប់ថ្ងៃទី០៨ ខែមីនា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤០នាក់បន្ថែមទៀត មាននៅក្នុង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងខេត្តព្រៃវែង។
បើតាមសម្តេចតេជោ ហ៊ុន សែន លទ្ធផលនេះមិនទាន់អស់នៅឡើយទេ ព្រោះសំណាកខ្លះម៉ាស៊ីនកំពុងពិនិត្យនៅឡើយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បៈករ សិល្បៈការិនីផងដែរ។
ឆ្លើយតបនឹងស្ថានការណ៍ដ៏តាន់តឹង និងស្រួចស្រាវនេះ សម្តេចតេជោ បានអំពាវនាវឱ្យផ្អាករាល់ការរជួបជុំទាំងឡាយ ដែលមិនមានការចាំបាច់ និងសូមអរគុណចំពោះបងប្អូន ដែលបានផ្អាកនូវពិធីការ ពិធីអាពាហ៍ពិពាហ៍ ឬក៏ធ្វើពិធីអាពាហ៍ពិពាហ៍តែបន្ថយចំនួនមនុស្ស ដែលធ្វើឱ្យហានិភ័យមានការធ្លាក់ចុះ។
ជាងនេះទៅទៀតសម្តេចតេជោ ទាមទារឱ្យមានការប្រុងប្រយ័ត្នលើសមុន ហើយអ្វីដែលមិនចាំបាច់ ហើយវាមិនទាន់ចាំបាច់ និងអាចផ្អាកបានគប្បីត្រូវតែពន្យារ គប្បីផ្អាក ពន្យារពេលរង់ចាំធ្វើនៅពេលក្រោយ ក៏មិនទាន់យឺតពេលដែរ។នេះជាសភាពការណ៍ដ៏បន្ទាន់ ហើយដែលត្រូវយកចិត្តទុកដាក់កុំឱ្យជំងឺនេះសាយភាយចេញក្រៅ។
ក្នុងសារសំឡេងនេះ សម្តេចតេជោ បានដាក់ចេញបទបញ្ជា និងអំពាវនាវដល់ក្រសួងស្ថាប័នរបស់រដ្ឋ ស្ថាប័ននីតិបញ្ញត្តិ ផ្អាកបណ្តោះអាសន្ននូវស្ថាប័ន ដោយទុកអ្នកធ្វើការបន្តិចបន្តួចតែប៉ុណ្ណោះ។រីឯស្ថាប័នឯកជនឱ្យកាត់បន្ថយបុគ្គលិកធ្វើការនៅកន្លែងធ្វើការ ហើយបែងចែកផ្លាស់វេណគ្នា ដើម្បីកាត់បន្ថយចំនួននៅកន្លែងធ្វើការ និងការកកស្ទះតាមដងផ្លូវ។សម្តេចបញ្ចាក់ទៀតថា ការផ្អាកការធ្វើការ គឺធ្វើសម្រាប់ស្ថាប័នស៊ីវិលប៉ុណ្ណោះ ដោយឡែកស្ថាប័នកងកម្លាំងប្រដាប់អាវុធមិនមានផ្អាកនោះឡើយ។ម្យ៉ាងវិញទៀតអាណាព្យាបាល កុំឱ្យកូនតូចចេញពីផ្ទះ ហើយមនុស្សចាស់ និងពេញវ័យក៏មិនត្រូវចេញពីផ្ទះដែរបើមិនចាំបាច់។ប៉ុន្តែបើតម្រូវការជាចាំបាច់ក្នុងការចេញពីផ្ទះ ត្រូវតែពាក់ម៉ាស់ជាប់ជាប្រចាំផងដែរ៕