អាជ្ញាធរក្រុងប៉ោយប៉ែត ចុះស្តាប្រព័ន្ធលូ ដែលស្ទះ ដើម្បីការពារទឹកកុំឲ្យហូរចេញពីលូ ចូលកន្លែងការដ្ឋានធ្វើផ្លូវ របស់កងវិស្វកម្មឯកឧត្តម ហ៊ុន ម៉ាណែត
ខេត្តបន្ទាយមានជ័យ៖ដើម្បីការពារទឹកកុំឲ្យហូរចេញពីលូ ចូលផ្លូវដែលកងវិស្វកម្មរបស់ឯកឧត្តម ហ៊ុន ម៉ាណែត កំពុងតែបើកការដ្ឋានធ្វើផ្លូវឡើងវិញនោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានណែនាំឲ្យក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងលោកមេភូមិ ដឹកនាំកម្លាំងប្រជាការពារភូមិ ចុះស្តាប្រព័ន្ធលូ នៅចំណុចការដ្ឋានធ្វើផ្លូវ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមលោក ប៊ុន សុវុទ្ធា សមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែត បានឲ្យដឹងថា ប្រព័ន្ធលូដែលកំពុងស្តានៅចំណុចនេះមានការស្ទះខ្លាំង ដោយសារប្រជាពលរដ្ឋមួយចំនួនខ្វះការយល់ដឹង បានយកកាកសំរាម និងសំបកកង់ឡានចាស់ៗ មកបោះចោលក្នុងប្រព័ន្ធលូ ជាហេតុនាំឲ្យស្ទះទឹកហូមិនទាន់។
លោកចៅសង្កាត់ផ្សារកណ្តាល ស្រិល អិល បានឲ្យដឹងដែរថា ការចុះស្តាប្រព័ន្ធលូនេះ ចំណាយទៅលើការទិញឧបករណ៍ផ្សេងៗ និងថ្លៃកម្លាំងពលកម្ម ជាថវិការរបស់សាលាក្រុង និងសង្កាត់ ហើយការស្ទះប្រព័ន្ធលូខ្លាំងនៅចំណុចខាងលើនេះ គឺបណ្តាលមកពីម្ចាស់ក្រុមហ៊ុនមួយចំនួន ដែលមានរថយន្តធុនធំ កាលពីកន្លងមកដឹកជញ្ជូនទំនិញចូលឃ្លាំង ដោយបោះចោលកាកសំណល់ និងកង់ឡានពាសវាលពាសកាល បណ្តាលឲ្យចូលលូ បង្កឲ្យស្ទះបែបនេះ។
ដោយឡែកលោកអភិបាលក្រុងបាបញ្ជាក់ថា ដើម្បីការពារកុំឲ្យទឹកហូរចេញពីប្រព័ន្ធលូដែលផ្តើមចេញពីការស្ទះ ធ្វើឲ្យប៉ះពាល់និងរាំងស្ទះការងារចាក់បេតុងផ្លូវ របស់កងវិស្វកម្មឯកឧត្តម ហ៊ុន ម៉ាណែត ដែលកំពុងតែបើកការដ្ឋានធ្វើនោះ លោកបានចុះត្រួតពិនិត្យ និងណែនាំឲ្យក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងមេភូមិ ចុះស្តាឡើងវិញ។
លោកបញ្ជាក់ទៀតថា កំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងតែបើកការដ្ឋានធ្វើឡើងវិញនេះ មានរយះចំងាយ ៦៥០ម៉ែត (ប្រាំមួយរយហាសិបម៉ែត្រ) ចាក់បេតុង ចាប់ពីខាងមុខវត្តផ្សារកណ្តាល ចំណុចបង្គោលឡាក់លេខ ៤០២ រហូតជិតដល់សាលាក្រុង ដោយចំណាយថវិការរបស់រដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលក្រុង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យ បរិស្ថានឲ្យបានល្អ ត្រូវវិចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវ ជៀសវាងការបោះចោលសំរាមពាសវាលពាសការ ជាហេតុនាំឲ្យស្ទះប្រព័ន្ធលូ៕