ចេញពីផឹកស៊ីជាមួយមិត្តភក្ត្រ័ នៅខារ៉ាអូខេ មិនស្រួលខ្លួន ដឹកទៅដល់មន្ទីពេទ្យស្លាប់បាត់បង់ជីវិត
ខេត្តបន្ទាយមានជ័យ៖ដោយសារតែមានអាការៈមិនស្រួលខ្លួន ក្រោយចេញពីផឹកស៊ីជាមួយមិត្តភក្ត្រ័ពេលល្ងាច បណ្តាលឲ្យស្ត្រីបំរើការងារនៅខារ៉ាអូរខេម្នាក់ស្លាប់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ខណៈដឹកបញ្ជូនទៅសង្ក្រោះនៅឯមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ស្ត្រីរងគ្រោះមានឈ្មោះ អ៊ិន ស្រីមុំ អាយុ២៣ឆ្នាំ(មុខរបបបំរើការងារនៅខារ៉ាអូខេ)ស្នាក់នៅបន្ទប់ជួលភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ដែលមានឪពុកឈ្មោះ ទេព វណ្ណឌី និងម្តាយឈ្មោះ អ៊ិន គា រស់នៅភូមិ-ឃុំស្វាយចោរ ស្រុកព្រៃក្បាស់ ខេត្តតាកែវ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖តាមសំដីស្ត្រីឈ្មោះ ពេញ ភឿនវណ្ណា អាយុ២ឆ្នាំ(ជាមិត្តភក្ត្រ័)ស្នាក់នៅជាមួយគ្នាបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ អ៊ិន ស្រីមុំ កាលពីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានទៅផឹកស៊ីជាមួយមិត្តភក្ត្រ័៥ទៅ៦នាក់ នៅខារ៉ាអូរខេមួយកន្លែង នៅក្រុងប៉ោយប៉ែត រហូតដល់ម៉ោង៤ជិតភ្លឺបានត្រឡប់មកដល់បន្ទប់វិញ។ក្រោយពេលស្ត្រីរងគ្រោះ ដល់បន្ទប់វិញ ភ្លឺនាងពោលពាក្យថា មិនស្រួលខ្លួន ហើយបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត បណ្តាលស្លាប់នៅវេលាខាងលើ ទោះជាក្រុមគ្រូពេទ្យជួយសង្គ្រោះអស់ពីលទ្ធភាពយ៉ាងក្តី។សពត្រូវបានតម្កល់ទុកនៅមន្ទីពេទ្យ រងចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណីយ៍៕