ប្រជាពលរដ្ឋ រស់នៅតាមជួរផ្លូវរថភ្លើងសង្កាត់ប៉ោយប៉ែត សម្តែងការសប្បាយរីករាយ ខណៈដែលអាជ្ញាធក្រុង ធ្វើផ្លូវរណបរថភ្លើងប្រវែងជាង១០០០ម៉ែត្រ ដើម្បីងាយស្រួសក្នុងការធ្វើដំណើរ
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ នៅចំណុចក្បែផ្លូវរថភ្លើង ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែតនោះ រដ្ឋបាលក្រុងប៉ោយប៉ែត រួមនឹងអាជ្ញាធរមូលដ្ឋានមានចៅសង្កាត់ មេភូមិ ប្រជាការពារ បាននាំយកគ្រឿងចក្រឈូសឆាយធ្វើផ្លូវរណបរថភ្លើងមួយខ្សែរ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួសក្នុងការធ្វើដំណើរ។
បើតាមលោក និត ថា ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតបានឲ្យដឹងថា ដោយមានការណែនាំពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក និងចៅសង្កាត់ ចៅសង្កាត់រង មេភូមិអូរជ្រៅ បានដឹកនាំកម្លាំងប្រជាការពារភូមិ យកគ្រឿងចក្រទៅឈូសឆាយធ្វើផ្លូវ រួចចាក់ថ្មមិចជូនប្រជាពលរដ្ឋ ដែលចំណាយថវិការរបស់សាលាក្រុង និងសង្កាត់។
ក្នុងនោះលោក សាន់ អែលម៉ាត់ ចៅសង្កាត់រងទី២ ប៉ោយប៉ែត បានឲ្យដឹងដែរថា ផ្លូវមួយខ្សែដែលកំពុងធ្វើនេះលាតសន្ធឹងពីលិចទៅកើតស្របផ្លូវរថភ្លើងមានប្រវែងជាង១០០០ម៉ែត្រ ទទឹង០៦ម៉ែត្រ ដោយតភ្ជាប់ពីព្រំប្រទល់ភូមិក្បាលកោះ រហូតដល់ចំណុចផ្លូវចូលអាគារថ្មី ស្ថិតនៅក្នុងសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកបញ្ជាក់ថា ទម្រាំនឹងបានចុះឈូសឆាយធ្វើផ្លូវនេះ អាជ្ញាធរមូលដ្ឋានបានព្យាយាមសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់អស់រយះពេលជាង២ខែទៅហើយ ចំណែកទុយោប្រព័ន្ធទឹកស្អាត ត្រូវឲ្យជំនាញរៀបចំអែបម្ខាងជួរមុខផ្ទះប្រជាពលរដ្ឋឡើងវិញផងដែរ។
ខណៈដែលអាជ្ញាធរចុះធ្វើផ្លូវនេះដែរ ប្រជាពលរដ្ឋបានសម្តែងការសប្បាយចិត្តជាខ្លាំង និងថ្លែងអគុណចំពោះអាជ្ញាធរ មូលដ្ឋាន ពិសេសលោកអភិបាលក្រុង ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់ និងគិតគូពីសុខទុកប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសាអត់អាហារនោះឡើយ៕