កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ វឌ្ឍនភាពការងារ រៀបចំសណ្ដាប់ធ្នាប់ ការដឹកដី ដឹកខ្សាច់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្ដាប់ធ្នាប់ ការដឹកដី ដឹកខ្សាច់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះរថយន្តដែលដឹកដី ដឹកខ្សាច់ ដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពិសេសដឹកខ្សាច់សើម ដែលបណ្ដាលអោយជ្រុះ ធ្លាក់ ធ្វើឱ្យខូចបរិស្ថាន ខូចសណ្ដាប់ធ្នាប់ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ ពិសេសអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវធ្វើការបោសសម្អាត និងលាងផ្លូវ១ថ្ងៃឱ្យបាន២ដង ដោយប្រើប្រាស់នូវរថយន្តសម្រាប់បោសសម្អាត និងបាញ់ទឹកលាងផងដែរ៕