សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ចំនួន៤៩នាក់ មានអាការៈដួលសន្លប់ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះភ្លាមៗ
ខេត្តសៀមរាប៖ដោយមានការយកចិត្តទុកដាក់ជួយសង្គ្រោះទាន់ពេលវេលា ពីសំណាក់ក្រុមគ្រូពេទ្យ បានឲ្យសិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួនសរុប៤៩នាក់ ដែលមានអាការៈ ដួលសន្លប់នោះ បានស្រួលខ្លួនឲ្យវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ។
លោកអភិបាលស្រុកបានបញ្ជាក់ថា តាមរបាយកាណ៍របស់គ្រួពេទ្យ តាមរយៈការរាយការណ៍របស់ លោកគ្រូនៅកន្លែងកើតហេតុថា ដំបូងឡើយមានក្មេងស្រីម្នាក់ មានការអការៈរវើរវាយ ស្រែកយំខ្លាំងៗ ប្រទាញដៃជើង ហើយមិត្តភក្តិគាត់បានមកអោប និងជួយគាត់ ព្រមទាំងមានភ័យខ្លាច ហើយបន្ទាប់មក មិត្តភក្តិខ្លះក៏យំ និងខ្លះទៀតក៏សន្លប់ផងដែរ។ក្រោយការពិនិត្យសុខភាព និងសង្គ្រោះបឋមរួចមក បង្ហាញថា បរិមាណជាតិស្ករ សម្ពាធឈាម និងអុកស៊ីសែន គឺមិនមានបញ្ហានោះទេ។ក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានបឋមថា ជាការភ័យតៗគ្នា តែចំពោះសិស្សម្នាក់ ដែលមានអការៈដំបូងគេ គឺគ្រូពេទ្យកំពុងសាកសួរក្រុមគ្រួសារអំពីសុខភាពគាត់នាពេលកន្លងមក និងត្រូវបន្តតាមដានបន្ថែមទៀត។
ដោយឡែក មាតាបិតាសិស្ស និងចាស់ព្រឹទ្ធាចារ្យនៅទីនោះ យល់ឃើញថា មកពីជំនឿអរូបិយ រហូតពួកគាត់បាននាំគ្នាសែនព្រេន ដោយហេតុថា ពួកគាត់បានលឺកូនសិស្សទាំងនោះ ថា បានឃើញរូបភាពចម្លែកៗ គួរឲ្យភ័យខ្លាច និងប្រឡាក់ឈាម បានបង្ករឲ្យមានការភ័យស្លន់ស្លោ រវើរវាយ និងដួលសន្លប់ជាបន្តបន្ទាប់។តែទោះបីជាយ៉ាងនេះក្តី លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវបន្តស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានបញ្ហានេះកើតឡើងផងដែរ៕