អភិបាលខេត្តប៉ៃលិន ជួបសំណាសំណាល និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូនលោកយាយ លោកតា ចាស់ជរា
ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២១ អាវរងា និងមី ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់លោកយាយ លោកតា ដែលទទួលបានមូលនិធិ ចំនួន៨៤នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល(មួយសែនរៀលគត់)។
ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេច តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់កាល:ទេស: គ្រប់ស្ថានភាព ទោះបីរស់នៅទីណាក៏ដោយ ទាំងក្នុងស្រុក និងក្រៅស្រុក គឺសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ជាសុខទុក្ខរបស់សម្តេចផងដែរ ជាក់ស្តែងនៅក្នុងឱកាសនេះ សម្តេចបានឧបត្ថម្ភជាអាវរងា និងមីបន្ថែម។ ដោយឡែកចំពោះលោកយាយ លោកតាដែលមានជំងឺមកមិនរួច លោកជំទាវ បានចាត់ក្រុមការងារយកទៅជូនដល់ផ្ទះផងដែរ ។
លោកជំទាវក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល លាងដៃអោយបានញឹកញាប់ ពាក់ម៉ាស់ជាប្រចាំ រក្សាគម្លាតពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ នេះជាវិធីដ៏សំខាន់បំផុតក្នុង ការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ នាពេលនេះ ។
សូមបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវអភិបាលខេត្ត ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ នៅរៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ជូនដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាឡើយ៕