រដ្ឋបាលក្រុងប៉ោយប៉ែត ចុះជួសជុលនិងធ្វើផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់
ខេត្តបន្ទាយមានជ័យ៖ក្រោយពីភ្លៀងធ្លាក់កក់ខែមួយមេ លាយឡំទៅដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងប៉ោយប៉ែតរងការខូចខាតដួលរលំ និងរបើកដំបូលស័ង្កសីនោះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ មានលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាការពារភូមិ បានចុះសួរសុខទុក្ខ និងជួសជុលប្រក់ស័ង្កសីដែលរបើក ចំណែកផ្ទះដែលដួលរលំរងការខូចខាតទាំងស្រុង លោកនឹងធ្វើការជួសជុលជាថ្មីឡើងវិញជូន ដោយចំណាយថវិការរបស់រដ្ឋបាលក្រុងផ្ទាល់តែម្តង។
លោកអភិបាលក្រុងបានឲ្យដឹងថា ផ្ទះដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នោះមានពីសង្កាត់គឺសង្កាត់ប៉ោយប៉ែត និងផ្សារកណ្តាលសរុបចំនួន២៦ខ្នង ខូចខាតទាំងស្រុងដោយដួលរលំមានចំនួន៧ខ្នង។
ក្នុងនោះលោកអភិបាលក្រុងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តមអភិបាលខេត្ត ដែលជានិច្ចជាការលោកតែងតែគិតគូរនិងណែនាំក្រុមការងារមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្នុងនោះដោយមើលឃើញពីការខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នោះ លោកអភិបាលក្រុងបាននាំយកនូវអំណោយដូចជា អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី និងមី របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ផ្តល់ជូនពួកគាត់ ដើម្បីកាត់បន្ថយនូវការខ្វះខាតមួយគ្រា។
ជាមួយគេនោះដែរលោកអភិបាលក្រុងបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ និងបរិស្ថាន ពិសេសត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩ផងដែរ។
ដោយក្តីត្រេកអរ នឹងរំភើបពីសំណាក់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នោះ បានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំ និងលោកអភិបាលក្រុង ដែលតែងតែគិតគូពីសុខទុករបស់ប្រជាពលរដ្ឋ ទោះជាឋិតក្នុងកាលៈទេសៈណាក្តី លោកនិងក្រុមការងារបានចុះទៅដល់គោលដៅ ដើម្បីជួយអន្តរាគមទាន់ពេលវេលា៕