ជនរងគ្រោះ២នាក់ ក្នុងនោះមានអតីតៈមេឃុំ១នាក់ សប្បាយនិងផឹកស៊ី និងទៅរាំកំសាន្តនៅខេត្ត ជិះរថយន្តមកវិញ បុកគល់ដើមអំពិលទឹក បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់១នាក់
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីផឹកស៊ីសប្បាយ ជិះរថយន្តចេញពីខេត្តបន្ទាយមានជ័យ ទៅបុកគល់អំពិលទឹក បណ្តាលឲ្យអតីតៈមេឃុំអូរបីជាន់ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងងកាលពីវេលាម៉ោង១២និង១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូលេខ១០.១១ ផ្លូវជាតិលេខ៥៨ដេ ស្ថិតនៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក នង សំរាំង មេប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះសួង មឿន ភេទប្រុស អាយុ៦៧ឆ្នាំ ជាអតីតមេឃុំអូរបីជាន់ មានលំនៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ជាអ្នករួមដំណើរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នកបើករថយន្តមានឈ្មោះសួន វី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ របួសធ្ងន់កំពុងសង្រ្គោះនៅមន្ទីពេទ្យ។
លោកបានបញ្ជាក់ថា នៅពេលកើតហេតុនោះ ជនរងគ្រោះទាំង២នាក់បានជិះ រថយន្តធុនតូចម៉ាកតូយ៉ូតាកាមរីចង្កូតស្តាំ ពាក់ស្លាកលេខ ភ្នំពេញ ២E ៤០២៣ ក្រោយពីបានផឹកស៊ីនៅក្នុងសាលាឃុំ ហើយនៅពេលល្ងាចបានបន្តទៅរាំកំសាន្តនៅក្រុងសិរីសោភ័ណទីរួមខេត្តបន្ត ក្រោយពីរាំសប្បាយអស់ចិត្ត លុះដល់យប់ជ្រៅ ពួកគាត់បានជិះរថយន្តវិលត្រឡប់ទៅផ្ទះវិញ លុះបើកមកដល់ត្រង់ផ្លូវកោង ខាងត្បូងវត្តស្នួលទ្រេត រថយន្តក្នុងល្បឿនលឿន មិនបានបត់តាមលំនាំផ្លូវនោះទេ ពោលគឺទៅត្រង់ហើយក៏បើកទៅបុកគល់អំពិលទឹក បណ្តាលឲ្យរថយន្តរួញ និងគៀបជនរងគ្រោះទាំង២នាក់ជាប់ក្នុងរថយន្តតែម្តង។
ស្របពេលនោះប្រជាពលរដ្ឋបានទូរស័ព្ទហៅស្មៀនឃុំអូរបីជាន់ ឈ្មោះ លោកនិត្យ វុឌ្ឍី ចុះមកធ្វើអន្តរាគមន៍ ស្មៀនឃុំអូរបីជាន់បានឲ្យដឹងថា មកដល់កន្លែងកើតហេតុបាននាំគ្នាគាស់រថយន្តសង្គ្រោះជនរងគ្រោះចេញពីរថយន្តដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ចំណែកអតីតមេឃុំអូរបីជាន់បានស្លាប់ភ្លាមៗនៅនិងកន្លែង សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕