សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖បន្ទាប់ពីបានដឹកនាំសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ដែលបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ។
ក្នុងនោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាសបានម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនាពេលកន្លងមក និងជាពិសេសកិច្ចខំប្រឹងប្រែងក្នុងការ កៀរគរមូលនីធិ និងជំនួយវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។
ជាមួយគ្នានោះសម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ក្នុងនោះអង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលផ្តល់ជំនួយវ៉ាកសាំងកូវីដ-១៩ ចំនួន៣២៤ ០០០ ដូស ក្នុងដំណាក់កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេស មិត្តចិនដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស ព្រមទាំងសម្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ៕