ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះពិនិត្យការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនដល់មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្ត
ខេត្តមណ្ឌលគិរី៖ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើងចាក់បានទាំងអស់គ្នា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ដ។តែពេលនេះយើងផ្តល់អទិភាពដល់មន្រ្តីសុខាភិបាល និងកម្លាំងនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តជាមុនសិន ដែលជាកងកម្លាំងជួរមុខ និងមានភាពប្រឈមខ្ពស់។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីឆ្លងនៃជំងឺកូវីដ-១៩នោះឡើយ តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមទីតាំងសម្រាប់ធ្វើចត្តាឡីស័កចំនួន០៤ទីតាំង។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរយៈ ពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែមីនា ២០២១ មានក្រុមគ្រូពេទ្យ កម្លាំងនគរបាលសរុប១.១៥១នាក់ ដែលទទួលបានការចាក់វ៉ាក់សាំងដំណាក់កាលទី១។ ការស្ម័គ្រចិត្តចាក់វ៉ាកសាំងនេះ ក៏មានក្រុមគ្រូពេទ្យជំនាញ សួរនាំអំពីព័ត៌មានលំអិតលើបញ្ហាសុខភាពជាមុន ទើបផ្ដល់ការចាក់វ៉ាក់សាំង ក្នុងករណីក្រុមគ្រូពេទ្យបានទទួលព័ត៌មានពីបញ្ហាសុខភាពណាមួយ ជាចំណុចក្នុងបម្រាមហាមឃាត់របស់វ៉ាក់សាំង គឺមិនអាចផ្ដល់ការចាក់បាននោះទេ៕