សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ៖បើសិនជាគ្មានភាពចាំបាច់នោះទេ កុំចេញពីផ្ទះដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ កុំធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បើមិនចាំបាច់នោះទេ និងអំពាវនាវដល់ពលរដ្ឋខេត្តព្រះសីហនុ កុំចេញឆ្លងខេត្តដទៃទៀតក្នុងមួយរយៈពេលនេះ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងជាហូរហែនោះ។ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏បានសម្រេចផ្អាកការធ្វើដំណើររបស់ប្រជាពលរដ្ឋទេសចរណ៍ចូលខេត្តព្រះសីហនុ ប៉ុន្តែការដឹកទំនិញចេញចូលនៅប្រព្រឹត្តដដែល និងបានបន្តអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋនៅភ្នំពេញ កុំចេញពីផ្ទះ បើសិនជាគ្មានភាពចាំបាច់នោះទេ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។
ជាងនេះទៅទៀតសម្តេចតេជោ ក៏បានឯកភាពជាមួយសំណើក្រសួងអប់រំ ឱ្យបិទសាលារៀន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មួយរយៈបន្តទៀតផដែរ។
ក្នុងឱកាសអញ្ជើញចាក់វ៉ាក់សាំងនោះដែរ សម្តេចបានមានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលសម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដោយសារតែកត្តាអាយុដែលកំណត់គឺ១៨ឆ្នាំដល់៥៩ឆ្នាំ ហើយវ៉ាក់សាំងថ្មីឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca )នេះ មិនមានការកំណត់អាយុនោះទេ។ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិនានា ដែលបានជួយសម្រួបសម្រួលក្នុងការផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលនេះ៕