លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកខ្សាច់កណ្តាល
ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងឃុំចំនួន០៥ ក្នុងស្រុកខ្សាច់កណ្តាល កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលលទ្ធផលសំណាកអវិជ្ជមានទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តទៅតាមវិធានការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ "៣ការពារ និង៣កុំ" ព្រមទាំងវិធានការណ៍នានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀសពីការរាតត្បាត នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ។
គ្រួសារដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំចំនួន០៥ រួមមានៈឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ សៀងផ្អែម០១យួរ ប្រេងខ្យង ជែលលាងសម្អាតដៃ និងថវិកាចំនួន១០០.០០០រៀលផងដែរ៕