អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត
ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តាមប្រព័ន្ធបញ្ជូនសារសម្លេងរូបភាព Video Conference ក្រោមអធិបតីភាព លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត នៅតាមក្រុង ស្រុក បន្តទៀត។
មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលបងប្អូនប្រជាពលរដ្ឋមកកាន់ទីតាំងចាក់វ៉ាកសាំងឲ្យបានច្បាស់ ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តនាពេលខាងមុខ ។
ឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំឱ្យមន្ទីរសុខាភិបាល រៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជាក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ។ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩ និងត្រូវអនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជាឲ្យបានខ្ជាប់ខ្ជួន៕