អភិបាលខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំអនុគណ:កម្មការ ចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស
ខេត្តកំពង់ចាម៖កិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធបញ្ជូនសារសម្លេងរូបភាព Video Conference ក្រោមអធិបតីភាពលោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត។
មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលបងប្អូនប្រជាពលរដ្ឋមកកាន់ទីតាំងចាក់វ៉ាកសាំងឲ្យបានច្បាស់ និងត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋ ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង-ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តនាពេលខាងមុខ ។
ឯកឧត្តមអភិបាលខេត្ត បានចាត់តាំងលោក លោកស្រីអភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងដែលត្រៀមរៀបចំសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមស្រុកទាំង៨ ក្នុងខេត្ត ដោយឡែកសម្រាប់ក្រុងកំពង់ចាម ឯកឧត្តមអភិបាលខេត្ត បានឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត រៀបចំនៅមន្ទីរពេទ្យខេត្ត សម្រាប់ប្រជាពលរដ្ឋក្នុងក្រុង និងនៅសាលាខេត្ត សម្រាប់មន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ចំណែកនៅស្រុកកំពង់សៀម ត្រូវរៀបចំនៅមណ្ឌលសុខភាពអំពិល ឃុំអំពិល និងមណ្ឌលសុខភាពកោះរកា ឃុំកោះរការ ស្រុកកំពង់សៀម៕