ឃាត់ខ្លួនក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ ពាក់ពន្ធ័ករណីលួចដឹកមនុស្សឆ្លងដែនខុសច្បាប់ តាមច្រករបៀង ទៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ថា មានការចរាចរណ៍នាំពលករឆ្លងដែនខុសច្បាប់តាមច្រករបៀងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដោយមានរថយន្តប្រភេទកាម៉ារីពណ៌ស មួយគ្រឿងជាអ្នកធ្វើសកម្មភាពនោះ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ កម្លាំងចម្រុះមានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កងពលតូចថ្មើរជើងលេខ៥១ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានសហការណ៍ចុះបង្ក្រាបនៅចំណុចខាងក្រោយផ្ទះសំណាក់លី ហួត ក្បែរមាត់អូរព្រំដែន ខាងជើងចុងស្រស់ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេខ្យល់ ត្រូវបានគេស្គាល់ឈ្មោះ យឹម នៅ ភេទប្រុស អាយុជាង៤០ឆ្នាំ មានតួនាទីជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត។ចំណែក២នាក់ផ្សេងទៀតដោយមានការសង្ស័យអាចជាមានការរួមគំនិតគ្នានោះ កម្លាំងសមត្ថកិច្ចក៏បាននាំខ្លួនយកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបនេះក្រោយពីមានសេចក្តីរាយការណ៍សម្ងាត់ថា មានមេខ្យល់កំពុងធ្វើសកម្មភាពដាក់មនុស្សចូលក្នុងរថយន្ត ហើយដឹកជញ្ជូនមកដាក់នៅចំណុចខាងលើ ដើម្បីបញ្ជូនចេញទៅប្រទេសថៃ ភ្លាមនោះកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់គោដៅចាប់ឃាត់ខ្លួនបានមេខ្យល់ម្នាក់ ដែលមានតួនាទីជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងអ្នកសង្ស័យពីនាក់ផ្សេងទៀត រួមនិងវត្ថុតាងរថយន្តម៉ាកកាម៉ារីឆ្លាមពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ.2A.1354 សាក់កាដូរដាក់ខោអាវ២ ចង្ក្រានអគ្គីសនីមួយផងដែរ។ដោយឡែកពលករខ្មែរ ដែលមេខ្យល់ដឹកទៅ បានរត់គេចខ្លួនចូលទៅក្នុងទឹកដីថៃបាត់ស្រមោល។
ពាក់ពន្ធ័បញ្ហាខាងលើនេះបើតាមលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងច្បាស់នោះទេ តែប្រពន្ធរបស់លោក យឹម នៅ បានប្រាប់ថា គ្រួសាររបស់គាត់បានដឹកបងប្អូនជីដូនមួយទៅធ្វើការនៅឯប្រទេសថៃវិញ។
ដោយឡែកលោក នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការឃាត់ខ្លួនជាក់ស្តែងមានចំនួន៣នាក់ពិតប្រាកដមែន តែអ្នកដែលពាក់ព័ន្ធមានតែឈ្មោះ យឹម នៅ តែម្នាក់តែប៉ុណ្ណោះ ចំណែក ២នាក់ផ្សេងទៀតមិនពាក់ព័ន្ធនោះទេ ដោយសារ២នាក់នោះបានមកលេងផ្ទះ និងមានការសង្ស័យក៏បានហៅមកសួរនាំទាំងអស់តែម្តងទៅ។ដោយបច្ចុប្បន្នឈ្មោះ យឹម នៅ ដែលមានតួនាទីជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ត្រូវបានជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បិចាត់ការបន្តតាមនិតិវិធី។
សូមបញ្ជាក់ដែរថា ដោយសារតែជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ មានការឆ្លងរីករាលដាលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យព្រួយបារម្ម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចេញសេចក្តីណែនាំអំពីវិធានការរបស់ក្រសួងសុខាភិបាល និងពិសេសប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំអំពីវិធានការ"៣ការពារ និង ៣កុំ " និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំង ត្រូវទប់ស្គាត់ឲ្យបាននូវការលួចឆ្លងដែនខុសច្បាប់ ដោយមិនបានពិនិត្យ និងធ្វើចត្តាឡីស័ក ពិសេសមេខ្យល់ត្រូវចាប់ឃាត់ខ្លួនដាក់ទោសទាន់តាមច្បាប់ដោយមិនលើកលែងទៀតផង៕