លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីវាយគងជួង រគាំង ទូងស្គរ នៅវត្តជម្ពូព្រឹក្សា ដើម្បីជាសាររំលឹកប្រជាពលរដ្ឋក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩
ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមដំណើរដោយ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីវាយគង ជួង រគាំង ទូងស្គរ នៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
ពិធីនេះប្រព្រឹត្តទៅ «យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្នើឲ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ត្រូវគោរពតាមវិធានការណ៍ «៣ការពារ និង ៣កុំ» ។
ឆ្លៀតនៅក្នុងឱកាស លោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារក៏បាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ នមស្ការថ្វាយបង្គំព្រះ និងបាននាំយកនូវចតុបច្ច័យ បច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃផងដែរ៕