ឯកឧត្តម អភិបាលខេត្តកំពត ចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត
ខេត្តកំពត៖នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។ពិធីនេះរៀបចំឡើងក្នុងបរិវេណសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក។
មានប្រសាសន៍ក្នុងពីធីនោះឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ដូច្នេះហើយទើបរដ្ឋបាលខេត្តកំពតធ្វើការចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់យកទៅចែកជូនដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីចូលរួមការពារការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។
ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ឲ្យខាងតែបាននៃការឆ្លងជម្ងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្ត៣ការពារ ៣កុំ និងវិធានការណ៍របស់ក្រសួងសុខាភិបាល ឲ្របានគ្រប់ៗគ្នា ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបើមិនមានកិច្ចការណាចាំបាច់សូមកុំចេញក្រៅផ្ទះ និងស្តាប់តាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន។
រដ្ឋបាលខេត្តកំពតបញ្ជាក់ថា ការចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សង្កាត់ ដោយមួយឃុំ សង្កាត់ទទួលបាន៥០០ម៉ាស់ សរុប៩៣ ឃុំ សង្កាត់ ចំនួន៤៦,៥០០ម៉ាស់៕