អភិបាលខេត្តកណ្តាល ជំរុញឲ្យអជ្ញាធរក្រុងតាខ្មៅ ត្រូវស្រាវជ្រាវរកឲ្យឃើញអ្នកដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកដែលមានវិជ្ជមានជំងឺ កូវីដ-១៩ ឲ្យបានឆាប់រហ័ស
ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំបន្ទាន់ជាមួយ អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីសុខាភិបាល និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីដាក់ផែនការ ស្រាវជ្រាវរកឲ្យឃើញអ្នកដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និងដោយ ប្រយោលជាមួយអ្នកដែលមានវិជ្ជមានជំងឺ កូវីដ-១៩ ទាំងអស់ ក្នុងក្រុងតាខ្មៅ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ធ្វើយ៉ាងណាត្រូវនាំអ្នកដែលពាក់ពន្ធ័ទាំងនោះមកពិនិត្យសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានឆាប់រហ័សនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើឲ្យអាជ្ញាធរក្រុងតាខ្មៅ ត្រូវគ្រប់គ្រងឲ្យបានអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងអ្នកដែលវិជ្ជមានជំងឺកូវីដ-១៩ ឲ្យបានច្បាស់លាស់ ត្រូវដាក់អ្នកទាំងនោះឲ្យធ្វើចត្តាឡីស័កនៅមណ្ឌល និងនៅតាមផ្ទះឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និងគ្រប់គ្រងពួកគាត់ឲ្យធ្វើចត្តាឡីស័កបានគ្រប់តាមកាលកំណត់ ដោយមានការគេចវេស រក្សាអនាម័យ ជាពិសេសអាជ្ញាធរត្រូវផ្គត់ផ្គង់ម្ហូបអាហារ ៣ពេលឲ្យបានសមរម្យសម្រាប់ជូនពួកគាត់ ហើយចំពោះអ្នកដែរធ្វើចត្តាឡីស័កនៅផ្ទះក៏ត្រូវទិញម្ហូបអាហារ បន្លែ ត្រីសាច់ និងផ្ដល់អង្ករជូនពួកគាត់ក្នុងអំឡុងធ្វើច័ត្តឡីស័កឲ្យបានសមរម្យផងដែរ។
នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តឲ្យ មន្ត្រីជួរមុខដែលកំពុងអនុវត្តការងារផ្ទាល់ទាក់ទងនឹងជំងឺកូវីដ-១៩នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វើប្រទេសជាដាច់ខាត ត្រូវចេះការពារខ្លួនឯងកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ ហើយត្រូវបន្តអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៣កុំ និង៣ការពារឲ្យបានគ្រប់ៗគ្នា៕