ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធទៅនឹងករណីលូច និងទទួលផលចោរកម្ម នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេន៍យ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ WIL LY (វីល លី) ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្ដោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីបាត់ម៉ូតូ០១គ្រឿងម៉ាក់ហុងដាឃ្លីក ពណ៌ស-ខ្មៅ ផលិតឆ្នាំ២០០៦ គ្មានស្លាកលេខ ដែលរូបគេចតទុកនៅមុខហាងលក់ដូររបស់ខ្លួន កាលពីវេលាម៉ោង១និង០០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នោះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចាត់កម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាងលក់ដូរ ទើបកំណត់មុខសញ្ញាបាន ហើយបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ឈ្មោះ កែវ កុសល ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្តាយមានជ័យ
និងឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានទៅមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរចម្លើយ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យក្រោយពីកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថមូលដ្ឋានក្រុងសាកសួរចម្លើយរួច បានឆ្លើយសារភាពថា ពួកគេពេលលួចម៉ូតូបានយកទៅបញ្ចាំនៅហាងបញ្ចាំមួយកន្លែងស្ថិតក្នុងភូមិក្បាលស្ពាន២ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍តាមឋានានុក្រមឱ្យលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេការរងអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ ដើម្បីសុំគោលការណ៍ចុះដល់កន្លែងទទួលបញ្ចាំ និងឆែកឆេរឃ្លាំងរបស់ឈ្មោះ ឡាយ សាន ភេទប្រុស អាយុ៤៩ឆ្នាំ ហើយរកឃើញវត្ថុតាងម៉ូតូចំនួន៤១គ្រឿង ក្នុងនោះមានម៉ូតូជនរងគ្រោះជនជាតិឥណ្ឌូនេស៊ី០១គ្រឿងផងដែរ និងម៉ូតូកង់បីចំនួន០៧គ្រឿង ស្លាកលេខម៉ូតូ០២សន្លឹក ស្លាកលេខរថយន្ត០៦សន្លឹក រួមជាមួយសម្ភារ:ជួសជុលម៉ូតូមួយចំនួនធំ។ ក្រោយពីឆែកឆេររួចជនទទួលផលចោរកម្មឈ្មោះ ឡាយ សាន និងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងអាវុធហត្ថក្រុង បញ្ជូនទៅរក្សារទុកជាភស្ដុតាងនៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យដែលពាក់ព័ន្ធទទួលផលចោរកម្មឈ្មោះ ឡាយ សាន បានឆ្លើយសារភាពថា រូបគេបានរកស៊ីទទួលទិញ និងបញ្ចាំម៉ូតូ ចាស់-ថ្មី ពីក្មេងៗស្ទាវជារៀងរាល់ថ្ងៃ ពោលគឺ២៤ម៉ោងលើ២៤ម៉ោង មានរយ:ពេលជាង៣ខែមកហើយ ដោយឡែកនៅវេលាម៉ោងប្រហែល០៨ និង០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ២០២១នេះ រូបគេពិតជាបានទទួលបញ្ចាំម៉ូតូម៉ាកហុងដាឃ្លីកដែលមានភិនភាគដូចក្នុងពាក្យបណ្ដឹងខាងលើ ពីក្មេងប្រុស០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនពិតប្រាកដមែន។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ ចម្លើយសារភាពនៃជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន គឺមានភាពស៊ីសង្វាក់គ្នាពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់បញ្ជាក់ឱ្យឃើញថា ជនសង្ស័យឈ្មោះ កែវ កុសល ឈ្មោះ ពេញ វាសនា និងឈ្មោះ ឡាយ សាន ពិតជាបានប្រព្រឹត្តបទល្មើសលួច និងទទួលផលចោរកម្មពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថ ក្រុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តដើម្បីចាត់បន្ដទៅសាលាដំបូងខេត្តតាមនីតិវិធី។ក្នុងនោះលោកមេការរងអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្ត ជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតទាំងអស់ ដែលមានការបាត់បង់ម៉ូតូកន្លងមក សូមអញ្ជើញមកទំនាក់ តាមរយ:លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ ដែលមានលេខទូរស័ព្ទ ០១២៩៩៩៩៩៤ និងលោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង តាមរយ:ទូរស័ព្ទលេខ ០១៧៥៥៥៥៩៩៕