ឯកឧត្តមជាវ តាយអភិបាលខេត្តកំពត អញ្ជើចុះដាក់ចំណាត់ការបន្ទាន់ពាក់ព័ន្ធ ករណីចាក់ដីបូមដី និងសំណង់បំពានចំណីព្រែក ក្នុងឃុំកោះតូច ស្រុកទឹកឈូ
ខេត្តកំពត៖ដោយមើលឃើញពីបញ្ហា រំលោភបំពានចាក់ដី បូមដី និងធ្វើសំណង់រឹងបំពានដីចំណីព្រែក និងដងព្រែក របស់បុគ្គលមួយចំនួននៅតាមដងព្រែកកោះតូច ស្ថិតនៅចំណុចជិតស្ពានរថភ្លើង ដែលមានព្រំប្រទល់រវាងភូមិព្រែកចេក និងភូមិគីឡូម៉ែត១២ ក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត គឺជាករណី បំពានខុសគោលការណ៍បច្ចេកទេស នីតិវិធីច្បាប់ និងការកំណត់ដីចំណីព្រែកនោះ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យដល់ទីតាំងជាក់ស្ដែងនឹងធ្វើការព្រមានហាមឃាត់បញ្ឈប់សកម្មភាពជាបន្ទាន់ ដល់បុគ្គលដែលជាអ្នកអនុវត្តសកម្មភាពរំលោភបំពានករណីខាងលើនេះ។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានក្រើនរំលឹកបុគ្គលរំលោភបំពានដីចំណីព្រែករួមនឹងបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការរំលោភបំពានដីសាធារណៈរបស់រដ្ឋ យកមកគ្រប់គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ គឺមិនអាចយកដីសាធារណៈរបស់រដ្ឋ ដោយបំពានច្បាប់បានឡើយពិសេសពាក់ព័ន្ធ ការរំលោភបំពានដីចំណីព្រែកដែលខុសនឹងគោលការណ៍បច្ចេកទេសផ្លូវទឹកនាពេលនេះជាដើម។
ពាក់ព័ន្ធនឹងការរំលោភបំពានដីចំណីព្រែកនេះផងដែរឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចំណាត់ការដល់ លោក នាក់ សុវណ្ណារីអភិបាលស្រុកទឹកឈូ ឲ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះសំណង់ និងអាចម៍ដីដែលបានចាក់រួមនឹងដីបូមលុបតាមដងព្រែក ចំណីព្រែកត្រូវតែកាយចេញ ដើម្បីបើកផ្លូវទឹក ឲ្យបានឆាប់រហ័សជាបន្ទាន់។
ក្នុងករណីអនុវត្តមានការរាំងស្ទះ ដោយបញ្ហាណាមួយដែលមិនមានការចូលរួមសហការពីបុគ្គលរំលោភបំពាននោះទេ សូមរៀបចំឯកសារសម្រាប់រដ្ឋបាលខេត្ត ដាក់ជូនទៅតុលាការធ្វើចំណាត់ការតាមនីតិវិធីផ្លូវច្បាប់៕