សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ចុះយុទ្ធនាការចែកម៉ាស់ អាកុល ជែល ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដើម្បីរួមគ្នាទប់ស្កាត់ នៃការរីករាលដាល នៃជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍
ខេត្តប៉ៃលិន៖នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អមដំណើរដោយឯកឧត្តម ហែម ឬទ្ធី អភិបាល រងខេត្ត និងក្រុមការងារ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចុះយុទ្ធនាការចែកម៉ាស់ អាកុល ជែល ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ដែលប្រព្រឹត្តិទៅនៅបរិវេណដងផ្លូវចូលផ្សារសាមគ្គី(ហៅផ្សារប៉ាហ៊ី) ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ឯកឧត្តម ហុក សុផល បានលើកឡើងថា ដោយទទួលបានការចាត់តាំង និងណែនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានស.ស.យ.កខេត្ត និងជាអភិបាលខេត្តប៉ៃលិន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល៣កុំ ៣ការពារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរួមកម្លាំងសាមគ្គីគ្នា ចូលរួមចំណែកចែកម៉ាស់ អាល់កុល ជែល ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារកូវីដកុំអោយកើតក្នុងសហគមន៍នៅខេត្តប៉ៃលិន។ឯកឧត្តមបានបន្តថា កន្លងមកលោកជំទាវប្រធាន បានយកចិត្តទុកដាក់ជាប្រចាំនូវការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការពង្រឹងវិធានការការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាពលករចំណូលស្រុកមកពីប្រទេសថៃ និងពលករដែលមកពីគ្រប់បណ្តាខេត្តដែលមានហានិភ័យ ។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងនៅទូទាំខេត្តប៉ៃលិនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាការពារធ្វើយ៉ាងណាកុំអោយកើតនៅក្នុងសហគមន៍របស់យើង ដោយអនុវត្ត៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលជាដាច់ខាត។
ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា ការចុះធ្វើយុទ្ធនាការចែកម៉ាស់ អាកុល ជែល ដល់បងប្អូនប្រជាពលរដ្ឋ គឺយើងចុះធ្វើសកម្មភាពជារៀងរហូតដល់ថ្ងៃបញ្ចប់ នៃជំងឺឆ្លងមេរោគកូវីដ-១៩ ចាប់ពីមូលដ្ឋានរហូតដល់ទីប្រជុំជនផងដែរ៕