គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បន្តចុះណែនាំ អប់រំ ដល់ម្ចាស់អាជីវកម្មផ្សេងៗ និងផ្សព្វផ្សាយ ស្តីអំពីវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល"៣ការពារ និង ៣កុំ "
ខេត្តបន្ទាយមានជ័យ៖ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំក្រុមការងា រួមនិងកងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័នផងនោះ អញ្ជើញបន្តចុះណែនាំ អប់រំ ដល់ម្ចាស់អាជីវកម្មផ្សេងៗ ដូចជា KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងផ្សព្វផ្សាយ ស្តីអំពីវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ"៣ការពារ និង ៣កុំ " ឲ្យបានខ្ជាប់ខ្ជួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីបញ្ជៀសការឆ្លងរីករាលដាល នៃជំងឺកូវីដ19។
ក្នុងដំណើអញ្ជើញចុះណែនាំអប់រំ ដល់ម្ចាស់អាជីវកម្មផ្សេងៗ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតនេះដែរ គណៈបញ្ជាការឯកភាពក្រុង បានប្រើឧបករណ៍បំពងសម្លេង(មេក្រូ)ផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ"៣ការពារ និង ៣កុំ " នៅតាមដងផ្លូវសាធារណៈ និងតំបន់ទីប្រជុំជននានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ក្នុងសារឧបករណ៍បំពងសម្លេងនោះ បានណែនាំឲ្យប្រជាពលរដ្ឋ ពាក់ម៉ាស បាញ់អាលកុលឲ្យបានញឹកញាប់ ហើយត្រូវរក្សារកំលាតសុវត្ថិភាព ពោលគឺកុំនៅផ្តុំគ្នា ពិសេសត្រូវអនាម័យខ្លួនប្រាណឲ្យបានល្អ សំខាន់ណាស់សុខភាព ទោះជាមានលុយមហាសាលយ៉ាងណាក្តី បើសុខភាពយើងមិនល្អហើយ គឺអ្វីៗគ្រប់យ៉ាងស្មើសូន្យ ដូច្នេះយើងត្រូវរួមគ្នាការពារ និងទប់ស្គាត់នូវជំងឺដ៏សាហាវនេះឲ្យបាន ដើម្បីឲ្យសេដ្ឋកិច្ចក្នុងគ្រួសារ ដ៏ដូចជាប្រទេសរបស់យើងល្អឡើងវិញ។
ជាមួយគ្នានោះដែរលោក គាត ហ៊ុល បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ នៅពេលមានអាការៈមិនសូវស្រួលខ្លួន ពោលគឺខុសប្រក្រតី និងមានការសង្ស័យណាមួយ ត្រូវរាយការជូនអាជ្ញាធរភ្លាម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្ថានការទាន់ពេល ដើម្បីបញ្ជៀការឆ្លងជំងឺកូវីដ១៩ ដ៏សាហាវនេះកាន់តែកើនឡើងៗ ខណៈជំងឺនេះនៅក្នុងប្រទេសមិនទាន់ធូស្បើយនៅឡើយនោះ៕