ឯកឧត្តម អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការសាលាខេត្ត
ខេត្តកណ្ដាល៖ក្នុងឱកាលអញ្ចើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការសាលាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ពិសេសមន្ត្រីដែលផ្ដល់សេវាជូនប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យជាប្រចាំ ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ក្រសួងសុខាភិបាល និងវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
ជាងនេះទៀត ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានស្នើយ៉ាងទទូច ដល់មន្ត្រីរាជការទាំងអស់ ប្រសិនបើមិនមានការចាំបាច់ សូមកុំចេញក្រៅ ពិសេសក្នុងកំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន អនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ។ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានឧបត្ថម្ភ ជូនមន្ត្រីរាជការទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងសាលាខេត្ត ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកសម្លាប់មេរោគ ១ដប ម៉ាស ១ប្រអប់ និងថវិកា ១០ម៉ឺនរៀលផងដែរ៕