ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត នាំយកអំណោយផ្តល់ជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖សមាគមន៍ចលនាយុវជនកម្ពុជា(ក្រុម១៥៧) ដឹកនាំដោយលោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សហសហការជាមួយចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាស្រុកម៉ាឡៃ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់សិស្សានុស្សចំនួន២គ្រួសារដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អំណោយដែលត្រូវផ្តល់ជូនដល់សិស្សានុស្សក្នុងមួយគ្រួសារទទួលបាន អង្ករ, ទឹកស៊ីអ៊ីវ , ទឹកត្រី , មី , ត្រីខ , ប្រេងឆា , អំបិល ,ស្កស ,អាកុល ,ម៉ាស ,កាតាប, កង់ ,មុង ,សម្ភារៈសិក្សា និងថវិការមួយចំនួន។ទាំងពីគ្រួសារខាងលើនេះ ជួបការលំបាកខ្លាំង ដោយសិស្សមួយគ្រួសារមានពីនាក់បងប្អូនកំព្រាឪពុក(ស្លាប់) ឯម្តាយដើរស៊ីឈ្នួលគេនៅឯខេត្តផ្សេង បច្ចុប្បន្នរស់នៅក្នុងខ្ទមក៏កំសត់ជាមួយអ៊ុំបង្កើត ឯមួយគ្រួសារទៀត មានកូននៅក្នុងបន្ទុករហូតទៅ៥នាក់រាប់ទាំងនៅក្នុងពោះផង មានជីវភាពខ្វះខាត ហើយកូនកំពុងពេញសិក្សាទៀតផង។បន្ទាប់ពីនេះនៅក្នុងឃុំតែមួយលោក គង់ រិទ្ធា បានបន្តដឹកនាំក្រុមការងារ នាំយកសម្ភារៈសិក្សា និងថវិការមួយចំនួន ចែកជូនដល់សិស្សានុសិស្សចំនួន១៧នាក់មន្ថែមទៀត នៅបរិវេណសាលាបឋមសិក្សាខ្ជាយ ភូមិខ្ជាយ ឃុំតាគង់ ចំណែកលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារក្នុងម្នាក់ទទួលបានសារ៉ុង និងថវិការមួយចំនួនផងដែរ។
ក្នុងឱកាសនោះលោក គង់ រិទ្ធា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុកពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ និងគិតគួរពីសុខទុកប្រជាពលរដ្ឋទាំងអស់ ដោយមិនរើងអើងឡើយ។ម្យ៉ាងវិញទៀតលោកតែងតែណែនាំដល់ក្រុមការងារស៊ើបសួ តាមដានស្រាជ្រាវយ៉ាងយកចិត្តទុកដាក់ និងធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់អំពីការលំបាក និងខ្វះខាតរបស់ប្រជាពលរដ្ឋពិតប្រាកដផងដែរ។
ជាមួយគ្នានោះដែរលោក គង់ រិទ្ធា បានស្នើឲ្យអាណាព្យាបាលសិស្ស ត្រូវជំរុញពួកគាត់ឲ្យខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងជាទំពាំស្នងឬស្សី របស់ប្រទេសជាតិ មាតុភូមិនាពេលអនាគត។ជាងនេះទៅទៀតលោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសរួមគ្នាអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
សូមបញ្ជាក់ដែរថា សាលាត្រូវបានផ្អាកសិក្សា ឯសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរ រួមនឹងក្រុមការងារចុះចែកនិងទទួលអំណោយនៅពេលនេះបានរៀបចំឡើងដោយគោរពយ៉ាងខ្ជប់ខ្ជួនតាមវិធាការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលផងដែរ៕