ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យឈាបនដ្ឋាន ដើម្បីត្រៀមបម្រុងសម្រាប់បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យឈាបនដ្ឋាន ដើម្បីត្រៀមបម្រុងសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ដោយទីតាំងខាងលើនេះ គឺស្ថិតនៅដាច់ឆ្ងាយពីភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ និងមានព្រៃឈើហ៊ុំព័ទ្ធជុំវិញ ដែលអាចរក្សាបានសុវត្ថិភាព និងបញ្ចៀសនូវប៉ះពាល់ផ្សេងៗ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលរួចមក រដ្ឋបាលខេត្ត បានសម្រេចជ្រើសរើសទីតាំងខាងលើ សម្រាប់ត្រៀមបម្រុងរៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងករណីមានគ្រោះអកុសលកើតឡើងដោយប្រការណាមួយ៕