អភិបាលខេត្តប៉ៃលិន យកគ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានចំនួន ៣៤គ្រួសារ
ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន អមដំណើរដោយលោក លោកស្រី ប្រធានមន្ទីរគ្រប់អង្គភាព រួមនឹងក្រុមការងារកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានចំនួន ៣៤គ្រួសារ។
ក្នុងនោះមានគ្រួសារជនបរទេស១គ្រួសារ ក្នុងសង្កាត់អូរតាវ៉ៅ និងក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមួយគ្រួសារៗទទួលបាន អង្ករ២៥kg, មី១កេស ,ទឹកត្រី ១យួ, ត្រីខ ១ឡូ, អំបិល ,ប៊ីចេង ,ស្ករ ,ទឹកសុទ្ធ ១កេស , ពងទា ៣០គ្រាប់ និងថវិកា ៥០,០០០រៀល។
ក្នុងឱកាសនោះ លោកជំទាវក៏បានណែនាំ និងអប់រំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុនសែន និងវិធានសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ជាមួយគ្នាប្រជាពលរដ្ឋទាំង៣៤គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កបានសំដែងនូវក្តីរំភើបរីករាយឥតឧបមាបន្ទាប់ពីបានទទួលនូវគ្រឿងឧបភោគ បរិភោគពីសម្ដេចតេជោហ៊ុនសែននិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយះអភិបាលខេត្តប៉ៃលិននេះស្តែងចេញពីការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលជាការលើកទឹកចិត្ត និងផ្តល់បងប្អូនយើងដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានរបស់ខ្លួន។
បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងនោះបាន គោរពជូនពរដល់ សម្តេចទាំងទ្វេរ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដើម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់នៃសន្តិភាព៕