រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយជូនកងកម្លាំងកងទ័ពដឹកជញ្ជូន ២០ឡាន នៃប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនដល់កងកម្លាំងកងទ័ពដឹកជញ្ជូន ដែលបានចូលរួមប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋពីព្រំដែន ទៅកាន់កន្លែងធ្វើចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ ក្នុងដំណាក់កាលដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ១៩។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងការអរគុណ និងកោតសរសើរចំពោះស្មារតី នៃការចូលរួមទាំងយប់ថ្ងៃរបស់កងដឹកជញ្ជូនកងទ័ពជើងគោក ក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីព្រំដែនទៅកាន់មណ្ឌលចត្តាឡីស័ក ប្រកបដោយជោគជ័យ សុវត្ថិភាពខ្ពស់ តាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អំណោយដែលត្រូវផ្តល់ជូនដល់កងកម្លាំងកងដឹកជញ្ជូនចំនួន ២០នាក់ ក្នុងម្នាកៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មីកេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១ដុំ និងថវិកាចំនួន១០០ ០០០រៀលផងដែរ៕