លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភសម្ភារៈ និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកណ្ដាល
ខេត្តកណ្ដាល៖ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអាល់កុល១០កាន ម៉ាស់១០ម៉ឺនម៉ាស់ អង្ករ១០តោន និងថវិកាចំនួន៣ម៉ឺនដុល្លារ ជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ជាមួយអាជ្ញាធរខេត្ត ដោយអនុវត្តវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសផងដែរ។ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវយ៉ាងទទូច សូមឱ្យប្រជាពលរដ្ឋ ដែលបានដឹងខ្លួនថាបានប៉ះពាល់ដល់ផ្ទាល់ ឬប្រយោល នៅព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការចាំបាច់នោះទេ សូមបងប្អូនកុំចេញពីផ្ទះ និងមិនត្រូវនៅកន្លែងទីប្រជុំជនឡើយ ព្រោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ យើងសង្កេតឃើញថា នៅតែមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩នៅឡើយ៕