រដ្ឋបាលក្រុងប៉ោយប៉ែត បដិសេធទាំងស្រុង ចំពោះព័ត៌មានបង្ហោះលើហ្វេសប៊ុកថា ក្រុងប៉ោយប៉ែតមានជំងឺកូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Cherry Koko(III) បានធ្វើការចែករំលែក(Share)ព័ត៌មានមិនពិតចេញពី Channel Youtube មួយដោយមានខ្លឹមសារ នៃចំណងជើងថា "ដំណឹងបន្ទាន់ កូវីដធ្លាយដល់ប៉ោយប៉ែត " នោះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលក្រុងប៉ោយប៉ែត បានធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មាននេះ។
រដ្ឋបាលក្រុងបញ្ជាក់ថា ចំពោះខ្លឹមសារក្នុង Channel Youtube ដែលបាន ផ្សព្វផ្សាយនោះគឺគ្រាន់តែបាននិយាយអំពីខ្លឹមសារសេចក្តីជូនដំណឹង លេខ២០៣/២១ សជណ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីអំពីការផ្អាកដំណើរការសាលាសុវណ្ណភូមិ២ ជាបណ្តោះអាសន្ន ស្ថិតនៅក្រុងប៉ោយប៉ែត(មូលហេតុនៃការផ្អាកសាលាខាងលើនោះ គឺដោយគ្រាន់តែមាន ការសង្ស័យតែប៉ុណ្ណោះ)។
ក្នុងនោះរដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានធ្វើការបញ្ជាក់បន្ថែមដែរថា រហូតមកដល់ពេលនេះក្រុងប៉ោយប៉ែត មិនមានប្រជាពលរដ្ឋណាម្នាក់ផ្ទុកជំងឺកូវីដ-១៩(ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ)នៅឡើយទេ។ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត នឹងបានជ្រាបមិនមានការភាន់ច្រឡំនោះឡើយ ម្យ៉ាងវិញទៀតទោះជាមិនមានករណីកូវីដក្តី ស្នើឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះជំងឺនេះវិវត្តនៃឆ្លងឆាប់រហ័ស ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពិសេសត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួន៕