នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក)
រាជធានីភ្នំពេញ៖ជនសង្ស័យចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាប់ឃាត់ខ្លួនកាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់រួមមាន៖
១-ឈ្មោះកៅ វិចិត្ររាជ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
២-ឈ្មោះសុក ធា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។
៣-ឈ្មោះប៊ុន ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន។
៤-ឈ្មោះ អ៊ុំ និមល ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
៥-ឈ្មោះពេជ្រ សៀវនី ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
៦-ឈ្មោះសុខ វិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ចំណែក-ជនរងគ្រោះឈ្មោះ អាត ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
លោកអធិការរងបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូឌុបគ្នាទៅផឹកកាហ្វេ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០៦នាក់ជិះម៉ូតូ០៣គ្រឿង ម៉ាក Honda C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1Q-2353 ភ្នំពេញ 1IN-4203 ភ្នំពេញ 1IQ-1069) ធ្វើសកម្មភាពឆក់ខ្សែកប្លាទីនទម្ងន់៧ជី មាន បន្តោងដាំត្បូងពេជ្រពីជនរងគ្រោះបានសម្រេច រួចគេចខ្លួន ពេលនោះជនរងគ្រោះដេញតាមពីក្រោយស្រែកចោរៗ ក៏មានសមត្ថកិច្ចយើងល្បាតដេញតាមដល់ក្នុងដីឡូត៍ក្បែរនោះ ក៏ដួលម៉ូតូជ្រុះបាត់ខ្សែកជនរងគ្រោះ រួចសមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់រួម និងវត្ថុតាងម៉ូតូ៣គ្រឿង ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕