ឯកឧត្តមអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់ គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈ video conference
ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈ video conference ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ។
កិច្ចប្រជុំមានរបៀបរវ:ចំនួន ៤ :
១.ប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវី-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយលោក ជំទាវបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់បាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
២.ពិភាក្សា ស្តីពីការបង្កើតអនុគណៈកម្មាធិការ និងការបែង ចែកតួនាទីភារកិច្ច។
៣.បទបង្ហាញ ស្ដីពីផែនការសកម្មភាពផ្ដល់វ៉ាក់សាំងដោយឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល។
៤.ផ្សេងៗ
លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍បើកកិច្ចប្រជុំថា នេះជាកិច្ចប្រជុំលើកទី១ របស់គណ:កម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយពិនិត្យឃើញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រព្រឹត្តមានភាពល្អ លឿនស្របតាមតម្រូវការ ក្នុងបរិបទការឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ ព្រៃវែង ខេត្តតាកែវ ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារៈសំខាន់ណាស់ ក្នុងការការពារ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព។ការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋនាពេលនេះ ដោយសារតែវ៉ាក់សាំងរបស់យើងមានកំណត់ យើងជ្រើសរើសក្រុមអទិភាពជាមុន។ កន្លងមកការចាក់វ៉ាក់សាំងមានភាពរញេរញៃ ទាមទារឱ្យយើងដោះស្រាយជាបន្ទាន់ តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ ឱ វណ្ណឌីន បានបន្តថា ការចាក់វ៉ាក់សាំងប្រព្រឹត្តទៅតាមធម្មតា ចំពោះមនុស្សដែលមានអាយុ៦០ឆ្នាំឡើង ព្រោះពួកគាត់ងាយរងគ្រោះ ដូច្នេះយើងត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋដែលស្ម័គ្រ ចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មានអាយុ៦០ឆ្នាំឡើង នៅតាមមូលដ្ឋាន ដើម្បីអញ្ជើញមកចាក់វ៉ាក់សាំងជូនពួកគាត់បានទាន់ពេលវេលា៕