នគរបាលខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួនបុរសជាឃាតក រំលោភស្ត្រីម្នាក់រួចសម្លាប់ ខ្លាចបែកការណ៍ បានហើយ
ខេត្តកំពង់ស្ពឺ៖ជនសង្ស័យដែលបានធ្វើសកម្មភាពរំលោភទៅលើស្ត្រីម្នាក់ឈ្មោះ ច ធ ភេទស្រី រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួចសម្លាប់ខ្លាចបែកការណ៍ ដែលប្រជាពលរដ្ឋបានប្រទះឃើញដេកស្លាប់ នៅចំណុចខ្នងប្រឡាយភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនបាន។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយហេតុការណ៍នេះលោក សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធ ចុះប្រតិបត្ដិការ សហការជាមួយសាក្សី និងក្រុមគ្រួសារជនរងគ្រោះ បច្ចេកទេសកោសល្យវិច្ឆ័យគ្រូពេទ្យ ក្រុមបច្ចេកវិទ្យា ធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាបទល្មើស ដោយបានឃាត់ខ្លួនសង្ស័យឈ្មោះ ប៉ិច ថន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចំណុចតាមផ្លូវប្រឡាយច្បារមន ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុក សំរោងទង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន មូលហេតុមុនដំបូង ជនសង្ស័យបានធ្វើសកម្មភាព ចាប់ រំលោភសេពសន្ថវ:ទៅលើជនរងគ្រោះ ដោយខ្លាចជនរងគ្រោះប្ដឹងគេឱ្យចាប់ខ្លួន គឺជនសង្ស័យបានសម្លាប់ជនរងគ្រោះតែម្ដង ។
ក្រោយពីសាកសួរ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធីបន្ត៕