អាជ្ញាធរ ខេត្ត បន្ទាយមានជ័យ សម្រេចបិទ សាលាសុវណ្ណភូមិ ២ ជាបណ្តោះអាសន្ន ដោយសាររកឃើញសិស្សម្នាក់រៀននៅសាលានោះ បានប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ 19
ខេត្តបន្ទាយមានជ័យ÷ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញថា លោក គឹម លាងហេង មុខរបរមន្រ្តីនគរបាលជាតិ បានផ្ទុកជម្ងឺកូវិដ-19 ។ លោក គឹម លាងហេង បានប្រាប់ថា លោក បានប៉ះពាល់ផ្ទាល់ជាមួយមនុស្សចំនួន០៣នាក់ ជាឪពុក-ម្តាយ និង ប្អូនស្រី ដែលមានទីលំនៅបច្ចុប្បន្ន ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលបានទៅលេង និង ស្នាក់នៅភ្នំពេញកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។
បន្ទាប់ពីអាជ្ញាធរនិងមន្រ្តីជំនាញ បានទៅជួបឪពុក-ម្តាយ អ្នកផ្ទុកកូវិដ ពួកគាត់បានប្រាប់ថា កូនស្រីរបស់គាត់រៀននៅសាលាឯកជន សុវណ្ណភូមិ២ ឋិតក្នុង ភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ឯកឧត្តមបានដឹកនាំក្រុមការងារ ទៅជួបជាមួយនាយកសាលាសុវណ្ណភូមិ២ ដើម្បីឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្រោយពីរកឃើញថា (ប្អូនស្រី )របស់នគរបាលឈ្មោះ គឹម ឡេងហេង បានរៀនថ្នាក់ទី១១ ក នៅសាលារៀនមួយនេះ។
ឯកឧត្តមបន្តថា ខណ:ពេលនេះខាងអាជ្ញាធរនៅមិនទាន់ច្បាស់នៅឡើយនោះទេ ថាពួកគាត់ ធ្វើដំណើរទៅណាខ្លះ ហើយប្រសិនរកឃើញថា ប្អូនស្រីម្នាក់នេះទៅពាក់ព័ន្ធកន្លែងណាខ្លះ គឺអាជ្ញាធរ ត្រូវតម្រូវបិទកន្លែងនោះជាបណ្តោះអាសន្នសិន ដើម្បីការពារទុកជាមុន ព្រោះប្អូនស្រីម្នាក់នេះ នៅទាន់បានទទួលលទ្ធផលនៅឡើយនោះទេ ថា ( វិជ្ជមាន ឬ ក៏ អវិជ្ជមាន) ។ ឯកឧត្តមបន្ថែមថា ខណៈពេលនេះកម្លាំងជំនាញកំពុង ស្រាវជ្រាវរកផ្ទះដែលប្អូនស្រីម្នាក់នេះ ទៅរៀនគួរ ផងដែរ៕