ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាករណីរបស់ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ិនធើថិនមេន ទំនាស់ជាមួយគ្រួសារកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ នៅស្រុកឈូក
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាករណីរបស់ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ិនធើថិនមេន ទំនាស់ជាមួយគ្រួសារកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ ស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក។កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ នាយករងអធិការកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងការពារកោះឆ្នេរ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកក្រុមហ៊ុន នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកឈូក និងមន្ត្រីជំនាញ។
ក្រុងឱកាសនោះឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា តាមរបាយការណ៌របស់ក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង និងការបំភ្លឺរបស់ភាគីទំនាស់ ពិនិត្យឃើញថា បញ្ហាទំនាស់នេះស្ថិតនៅលើដីបានចុះបញ្ជីរួច ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួលឲ្យក្រុមហ៊ុន និងដីមិនទាន់ចុះបញ្ជី គ្រប់គ្រងដោយរដ្ឋ ដូចនេះ៖
១.ដីដែលបានចុះបញ្ជីរួច ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួលឲ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ិនធើថិនមេន ត្រូវអនុវត្តសកម្មភាពអភិវឌ្ឍន៍នៅលើតំបន់ណា ដែលគ្មានទំនាស់ ករណីទីតាំងទំនាស់ រង់ចាំការដោះស្រាយ។
២.ទីតាំងដីមិនទាន់ចុះបញ្ជី (គ្រប់គ្រងដោយរដ្ឋ) កំពុងមានទំនាស់ជាមួយអតីតសមាហរណកម្មការពារកោះឆ្នេរ ក្រុមហ៊ុនត្រូវផ្អាកសកម្មភាពទាំងស្រុង៕