បុរសម្នាក់ជំពាក់បំណុលគេច្រើនពេក ដាច់ចិត្តចង ក សម្លាប់ខ្លួនឯង នៅស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ព្រោះតែជំពាក់បំណុលគេច្រើនពេកដាច់ចិត្តចង ក សម្លាប់ខ្លួនឯងនៅលើដើមទៀបក្រោយផ្ទះ ក្រុមគ្រួសារប្រទះឃើញសពកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា សពមាន ឈ្មោះ ង៉ូវ សុផល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺរបសឈ្មោះ ពៅ ពេទ្យ ភេទស្រី អាយុ៤៩ឆ្នាំ បាននិយាយឲ្យដឹងថា មុនពេលកើតហេតុនោះសពឈ្មោះ ង៉ូវ សុផល បានទូរស័ព្ទមកប្រាប់ក្រុមគ្រួសារថា ខ្លួនជំពាក់លុយគេច្រើនមិនអាចរកលុយសងគេបាន ដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន ពេលបានដំណឹងភ្លាមក្រុមគ្រួសារបានជិះម៉ូតូទៅមើលដល់ផ្ទះ បន្ទាប់មកបានឃើញឈ្មោះ ង៉ូវ សុផល បានចង់.ក នៅដើមទៀប នៅចំនុចក្រោយផ្ទះប្រហែល១០ម៉ែត្រ ជើងផុតពីដីនឹងខ្សែពណ៌ស ប្រវែងប្រហែល២.៥ ម៉ែត្រ បន្ទាប់មកក្រុមគ្រួសារ និងអ្នកជិតខាងបាននាំគ្នាស្រាយខ្សែនោះ ទំលាក់សពចុះពីលើដើមទៀបយកទៅដល់ក្នុងផ្ទះជួយអន្តរាគមន៍ដែរ តែសពបានស្លាប់បាត់បង់ជីវិតទៅហើយ។
លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័តមាន កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងប៉ុស្តិ៍បានសហការជាមួយកម្លាំងពាក់ព័ន្ធ គ្រូពេទ្យ និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យឃើញថា នៅលើខ្លួនសពមិនមានអ្វីក្រៅពីស្លាកស្នាមចងកនោះឡើយ។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច ក្រុមការងារចំរុះបានប្រគល់សពជូន ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕