សិស្សានុសិស្សជាង២០នាក់រៀននៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី ទន់ដៃទន់ជើង ដួលសន្លប់ ដោយសារសុខភាពខ្សោយមកពីខ្វះជាតិកាល់ស្យូម ជាតិស្ករ និងស្របពេលអាកាសធាតុក្តៅហប់
ខេត្តបន្ទាយមានជ័យ៖ដោយសារតែសុខភាពខ្សោយមកពីខ្វះជាតិកាល់ស្យូម ជាតិស្ករ និងស្របពេលអាកាសធាតុក្តៅហប់ មេឃកល់រកភ្លៀងកក់ខែផងនោះ បានធ្វើឲ្យសិស្សានុសិស្សរៀននៅសាលាវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាង២០នាក់បានទន់ដៃទន់ជើង ដួលសន្លប់ជាបន្តបន្ទាប់នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
បើតាមមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ព្រមទាំងអាណាព្យាបាលសិស្សបានឲ្យថា មូលហេតុដែរបណ្តាលឲ្យសិស្សានុសិស្ស ដួលសន្លប់ជាបន្តបន្ទាប់នេះ មកពីកត្តាកុមារខ្វះជាតិកាល់ស្យូម បម្រែបម្រួលអាកាសធាតុក្តៅ កត្តាដំណេក និងក្តាកុមារដែលដូរទៅវ័យជំទង់ជាដើម។
លោក ឆែម ម៉ូដែល នាយកវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ករណីសិស្សដួលសន្លប់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមីនា ម្តងរួចមកហើយ ដោយមានសិស្ស៣នាក់ បានទន់ដៃទន់ជើង ហើយលោកគ្រូ និងអាណាព្យាបាលសិស្ស បាននាំសិស្សទៅឲ្យគ្រូពេទ្យពិនិត្យ ហើយគ្រូពេទ្យថា ពួកគេមានសុខភាពខ្សោយមកពីខ្វះជាតិកាល់ស្យូម ជាតិស្ករ និងដោយសារអាកាសធាតុក្តៅហប់ ដោយមួយរយះពេលនេះមេឃកល់រកភ្លៀងកក់ខែជាដើម ។លុះមកដល់ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សិស្ស៣នាក់នោះ ក៏បានមករៀនជាធម្មតាដល់ម៉ោង១០ព្រឹក នៅពេលចេញលេងសិស្ស៣នាក់នោះ បូកនឹងសិស្សពីថ្នាក់ទី៧ ដល់ទី១២ ចំនួនជិត២០នាក់ទៀតបានទន់ដៃទន់ជើង និងដួលសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមនោះ សិស្សដែលរត់ទៅមើលគ្នា ក៏ស្លុតរន្ធត់ ហើយទន់ដៃទន់ជើង និងដួលសន្លប់នឹងគេដែរ ហើយសិស្សទាំងនោះ មានប្រុសម្នាក់និងស្រី១៩នាក់។
ដោយឡែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងដែរថា សិស្ស ប្រុស ស្រី នៅវិទ្យាល័យភ្នំធំ មានបញ្ហាសុខភាពទាំងនោះត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាពភ្នំតូច ឃុំភ្នំតូច ទៅគ្លីនិកគ្លីនិចកង់រទេះ នៅអូរស្ងួត ឃុំបន្ទាយនាង និងទៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន មង្គលបុរី ផងដែរ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា មកទល់រសៀលថ្ងៃ ខែដដែរ សិស្សសាលាទាំងនោះ បានធូរស្បើយហើយ បានចេញពីមន្ទីរពេទ្យស្ទើរអស់ហើយ៕