កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ ដែលនាំពលករឆ្លងដែនខុសច្បាប់១៤នាក់ ទៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានព័ត៌មានថា មានមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃនោះ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចុះធ្វើការស្រាវជ្រាវបង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយឃាត់ខ្លួនមេខ្យល់បាន២នាក់ ដែលលួចនាំពលករចំនួន១៤នាក់ ក្នុងនោះស្រី៩នាក់ ឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខាងលើ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យជាមេខ្សល់ទាំង២នាក់មានឈ្មោះ ចក់ វី ហៅ០៩ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាមេក្លោង និងឈ្មោះ យ៉ាត ប៊ុននី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងជរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ជាមេខ្យល់។មេខ្យល់ទាំង២នាក់នេះ បាននាំពលករប្រុស ស្រីចំនួន១៤នាក់ យកមកលាក់ខ្លួននៅក្នុងផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ចំណែកឈ្មោះអោម ចាន់រ៉ា ភេទប្រុសអាយុ៦៣ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី មិនសហការជាមួយសមត្ថកិច្ចបានផ្តល់ទីតាំងឲ្យមេខ្សល់លាក់ពលករ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យជាមេខ្សល់ទាំង២នាក់ និងម្ចាស់ផ្ទះសំណាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ដោយឡែកពលករទាំង១៤នាក់កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ៕