ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំបន្ទាន់ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័ក នៅស្រុកកោះធំ
ខេត្តកណ្ដាល៖បន្ទាប់ពីបានរកឃើញវិជ្ជមាន អ្នកផ្ទុកមេរោគកូវីដ-១៩បន្ថែមទៀត ចំនួន៦៤នាក់ នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារប្រជុំបន្ទាន់ ដោយមានការចូលរួមពីម្ចាស់កាស៊ីណូទាំង៦ ក្នុងស្រុកកោះធំ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ។
បើតាមរដ្ឋបាលខេត្តបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៤៣១៩នាក់ យកសំណាកបាន១៣៧៤៩នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៧១៧នាក់ នៅផ្ទះចំនួន១២១១៩នាក់ មានករណីវិជ្ជមានចំនួន ១៧៤នាក់ និងករណីជាសះស្បើយចំនួន៣នាក់។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៦នេះ ទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមាន៖កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន១០២ នាក់ កាស៊ីណូយ៉ុងយ័ន៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន០២ នាក់។បើទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និងស្រុក បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ។ហើយចំពោះកាស៊ីណូ ទាំងអស់នៅក្នុងស្រុកកោះធំ ត្រូវបានបិទជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឱ្យ ចេញចូលក្នុងភូមិសាស្ត្រតំបន់ជ្រៃធំ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅនេះ។ ជាងនេះទៅទៀត បុគ្គលិកកំពុងបម្រើការងារនៅក្នុងកាស៊ីណូទាំងអស់ និងជនបរទេស ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់កាស៊ីណូទាំង៦ ត្រូវអនុវត្តឱ្យបាន នៅពេលកំពុងធ្វើចត្តាឡីស័ក មិនត្រូវឱ្យពួកគាត់ ចេញពីបន្ទប់ពេលកំពុងធ្វើចត្តាឡីស័កឡើយ ព្រោះថាកន្លងមកការកើនឡើងនៃអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងស្រុកកោះធំ បណ្ដាលមកពីគាត់ពេលកំពុងធ្វើចត្តាឡីស័ក នឹងបានធ្វើការចល័តចេញពីក្នុងបន្ទប់ នៅក្នុងអាគារតែមួយ៕