រដ្ឋបាលខេត្តប៉ៃលិន បន្តអំពាវនាវអ្នកពាក់ព័ន្ធ ជួយសហការស្វែងរកទីផ្សារជូនកសិករ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
ខេត្តប៉ៃលិន:បន្ទាប់ពីបានអញ្ជើញប្រគល់ផ្ទះកាកបាទក្រហមកម្ពុជា និងផ្តល់អំណោយរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តមអ្នកតំណាងរាស្ត្រ បានអញ្ជើញទៅពិនិត្យមើលការប្រកបរបរដាំត្រសក់ផ្អរ សណ្តែកកួរ ម្ទេស របស់ប្រជាកសិករ នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
លោកជំទាវ បានជួបសំណេះសំណាល ជំរុញអោយប្រជាកសិករ ខិតខំដាំដំណាំបន្លែបន្ថែមទៀត ដោយមិនត្រូវប្រើជីគីមី ហើយត្រូវផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូ ហើយចៀសវាងដាំបន្លែដដែលៗ ដូចៗគ្នាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ ។
ដើម្បីចូលរួមដោះស្រាយលើបញ្ហានេះ លោកជំទាវអភិបាលខេត្ត បានអំពាវនាវដល់មន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ឈ្មួញរកស៊ី និងអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នារកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែត្រសក់ ម្ទេស និងបន្លែគ្រប់ប្រភេទ អោយមានតម្លៃទីផ្សារសម្រាប់លក់បានសមរម្យ ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់ ។
ជាការឆ្លើយតបប្រជាកសិករបានសម្តែងនូវក្តីរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ពិសេសឯកឧត្តម អុី ឈាន ដែលជានិច្ចកាល បានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន ពិសេសអំពាវនាវជួយស្វែងរកទីផ្សារលក់បន្លែត្រសក់និងម្ទេស អោយបានតម្លៃមួយខ្ពស់សមរម្យ ដែលជាប្រភពទុនសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារពួកគាត់ ។
ក្នុងឱកាសនោះ បានជួយប្រមូលទិញបន្លែដែលគ្មានទីផ្សារ និងឧបត្ថម្ភថវិការផ្ទាល់ខ្លួន ជូនដល់កសិករដាំត្រសក់ ម្ទេស សណ្តែកកួរ នូវថវិការមួយចំនួនដើម្បីជាការលើកទឹកចិត្តផងដែរ៕