សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន២០គ្រួសារ ដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩
ខេត្តប៉ៃលិន:លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិនអមដំណើរ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហម យុវជន ស ស យ ក រួមនឹងក្រុមការងារ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងការប្រគល់ផ្ទះចំនួន ១ខ្នង និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ដែលមានជីវភាពខ្វះខាត ដោយសារវិបត្តិកូវីដ១៩ នៅភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ថ្លែងនៅក្នុងពិធីនេះ លោកជំទាវ បានពាំនាំនូវក្តីនឹករលឹក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោកតា លោកយាយ ពុកម៉ែបងប្អូន ដែលកំពុងជួបការលំបាកគ្រប់ទីកន្លែង។
លោកជំទាវ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់នៅក្នុងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩ នេះ ត្រូវការរស់នៅបែបគន្លងថ្មី ដោយរក្សាអនាម័យឱ្យបានជាប់ជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ផ្ទះ១ខ្នងនេះ ត្រូវបានប្រគល់ជូនលោកតា ដើក ថា អាយុ៦០ឆ្នាំ ដែលផ្ទះរបស់គាត់ពីមុននៅភូមិដីស ឃុំស្ទឹងត្រង់ ត្រូវបានជំនន់ទឹកភ្លៀងបានវាយបំផ្លាញ និងអូសយកទៅទាំងស្រុងកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ។
លោកតាមានចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំខេត្ត និងក្រុមការងា ចុះជួយភូមិ ឃុំ ដែលបានជួយដោះស្រាយទុក្ខលំបាកលោកតា អោយបានធូរស្រាលឡើងវិញ ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ១៩គ្រួសារ និងម្ចាស់ផ្ទះនាពេលនេះ រួមមាន អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី១កេស និងអាវរងារ១ និងថវិកាមួយចំនួន៕