ក្រសួងសុខាភិបាល បន្តអំពាវនាវសារជាថ្មីម្តងទៀត ឲ្យប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ននេះគឺវីរុសកូវីដ-១៩ បម្លែងថ្មីកំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ៖ដោយស្ថានភាពឆ្លងវីរុសកូវីដ-១៩បច្ចុប្បន្ននេះគឺបម្លែងថ្មីកំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានបន្តធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ ដែលក្រសួងធ្លាប់បានពន្យល់រួចហើយ គឺវីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្តមួយចំនួនរួចទៅហើយ។
ដូច្នេះ ពេលនេះ នៅផ្ទះ និងកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ហើយមិនត្រូវបង្កការជួបជុំគ្នាច្រើនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យាពេល គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ ជ្រើសរើសយកការបញ្ឈប់ការជួបជុំ ឫការពន្យាពេលនៃការរៀបចំពិធីនានា ល្អប្រសើរជាជាងការឆ្លងហើយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។
សូមចងចាំថា វីរុសបម្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា ដែលថ្មីៗនេះ យើងមានករណីស្លាប់មួយនាក់រួចទៅហើយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។
សូមប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងមើលកូនចៅឱ្យបានល្អ កុំឱ្យដើរចេញក្រៅរហេតរហូត សម្រាប់មនុស្សពេញវ័យ បើមិនមានការចាំបាច់ទេនោះ សូមនៅផ្ទះល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។ ដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតបព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាការអំពាវនាវខាងលើនេះជាដើម ហើយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល និងមិនដឹងថា នៅទីណានោះ ទាំងអស់គ្នា ដែលយើងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់។ បរាជ័យ ឫជោគជ័យលើការប្រយុទ្ធនឹងសត្រូវកូវីដ-១៩ បម្លែងថ្មីនាពេលនេះ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់គ្នា៕