បុរសម្នាក់ស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ផ្ទុះធុងហ្គាស នៅស្រុកសំពៅលូន
ខេត្តបាត់ដំបង៖បុរសម្នាក់បានស្លាប់ភ្លាមៗ ជាមួយលំនៅដ្ឋានមួយខ្នងរងការខូចខាតយ៉ាងដំណំ នៅក្នុងហេតុការណ៍ផ្ទុះធុងហ្គាសមួយកើតឡើងកាលពីវេលាម៉ោង១៧និង៤០នាទី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍ផ្ទុះធុងហ្គាសខាងលើមានឈ្មោះ មេត ហ៊ឹង ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាកម្មកររបស់ម្ចាស់ផ្ទះដែលបើក (គ្លីនិក)ឈ្មោះ មន
រស់នៅចំណុចភូមិឃុំកើតហេតុខាងលើ។
បើយោងតាមប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ មេត ហ៊ឹង បានមកពីចំការដូចសព្វដង លុះមកដល់ផ្ទះភ្លាមក៏ត្រូវប្រពន្ធប្រាប់ថា ឲ្យទៅមើលធុងហ្គាសបន្តិចមើលព្រោះមានចេញខ្យល់ពេលនោះជនរងគ្រោះក៏បានចូលទៅមើល ក្រោយមកក៏ស្រាប់តែធុងហ្គាសបានផ្ទុះឡើងលាន់លឺដូចគ្រាប់ម៉ីន បណ្តាលឲ្យជនរងគ្រោះរយៈខ្លួនជាជំរាកស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង ចំណែកដំបូលផ្ទះទាំងមូលត្រូវបានប៉ើងខ្ទេចដូចត្រូវខ្យល់ព្យុះតែម្តង។
ក្រោយពេលកើតហេតុគេសង្កេតឃើញមានវត្តមានអភិបាលស្រុក អភិបាលរង អធិការ មេបញ្ជាការសឹករង និងមន្ត្រីកងកម្លាំងជាច្រើនរូប បានចុះទៅអន្តរាគមន៍ជួយ និងពិនិត្យជំវិញក្នុងករណីនេះផងដែរ។
បច្ចុប្បន្នសពជនគ្រោះ ត្រូវបានម្ចាស់ផ្ទះគ្លីនិករៀបចំធ្វើបុណ្យជូនទៅតាមប្រពៃណី៕