បញ្ជូនខ្លួនអ្នកឆាតឌឺដងតាមTik tok ណាត់គ្នាប្រយុទ្ធតាមដងផ្លូវ ចំនួន១៥នាក់ ទៅតុលាការ
ខេត្តបាត់ដំបង៖ក្រុមក្មេងស្ទាវពីរក្រុមឆាត និងសរសេរខូមិន Comment ដៀមដាមឌឺដងដាក់គ្នាតាមបណ្ដាញសង្គម Tik tok ឈានដល់ណាត់គ្នាប្រយុទ្ធតាមទីសាធារណ:បង្កឲ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ពលរដ្ឋ នៅតាមភូមិបានរាយការណ៍ ជូនសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១៥នាក់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០ ២១ ស្ថិតនៅក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្ត បានឲ្យដឹងថា លោកដឹកនាំកម្លាំងការិយាល័យជំនាញរួមជាមួយ ក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះសហការជាមួយកម្លាំងនៃអធិការរដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះបើកការស្រាវជ្រាវស្វែករកក្រុមជនសង្ស័យទាំងពីរក្រុមដែលជាប់ពាក់ព័ន្ធក្នុងករណីប្រយុទ្ធគ្នា ធ្វើអោយខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស (កាប់និងគប់លើម៉ូតូ )។
លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រតិបត្តិការបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នៅក្នុងមូលដ្ឋានស្រុកឯកភ្នំនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២ក្រុមមាន គ្នាចំនួន១៥នាក់ ដែលក្នុងនោះមានក្រុម Boy Srer ចំនួន០៨នាក់ នឹងក្រុមBoy Loy ចំនួន០៧នាក់រួមជាមួយវត្ថុតាងរួមមាន ៖
- ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ ស ពាក់ស្លាកលេខបាត់ដំបង 1AK 7980 ចំនួន០១គ្រឿង
- ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ពាក់ស្លាកលេខ បាត់ដំបង 1N 8871 ចំនួន ០១គ្រឿង
- កាំបិតខ្វែវដងឬស្សី ប្រវែង០១ម៉ែត្រ ចំនួន០១ដើម
- ដុំឥដ្ឋចំនួន០២ដុំ ផងដែរ។
លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី នៅចំណុចមុខផ្ទះលក់ គ្រឿងសំណង់យីហោ រុន ម៉េង ក្នុងភូមិព្រែកតា ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានក្រុមយុវជនចំនួនពីរក្រុមបានបើកការប្រយុទ្ធយ៉ាងសាហាវនៅលើផ្លូវសាធារណ: និងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋ តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងប៉ុណ្ណោះ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានចំនួន១៥នាក់ ដែលជនសង្ស័យទាំងពីរក្រុមខាងលើនេះមានទំនាស់ជាមួយគ្នាផ្តើមមកពីការសរសេរខូមិន Comment ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវក្នុងមូលដ្ឋានខាងលើតែម្តង។
ក្រុមជនសង្ស័យទាំង១៥នាក់ ក្រោយពីឃាត់ខ្លួនរហូតពេលនេះ ត្រូវសមត្ថកិច្ចការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕