ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ យាងទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់យាងទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។
ក្នុងឱកាសនោះមានវត្តមានថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ អញ្ជើញយាងថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សជាច្រើនអង្គទៀតផងដែរ៕