គណៈបញ្ជាការឯកភាព ក្រុងប៉ោយប៉ែត នឹងកោះហៅម្ចាស់អាជីវកម្មKTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ណាដែលមិនស្តាប់តាមការណែនាំ ឲ្យមកធ្វើកិច្ចសន្យា
ខេត្តបន្ទាយមានជ័យ៖ដោយសារ KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន)មួយចំនួននៅតែបន្តលួចលាក់បើកនោះ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាល នៃគណៈអភិបាលក្រុង បានដឹកនាំកងកម្លាំងមានកម្លាំងអធិការដ្ឋាននគរក្រុងប៉ោយប៉ែត និងកម្លាំងកងរាជអាវុធហត្ថក្រុង ជាលើកទី២ ដើម្បីផ្សព្វផ្សាយពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងជំរុញការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធាន «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតាម KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រតិបត្តិការណ៍ជាលើកទី២នេះដែរ អភិបាលក្រុង បានមានប្រសាសន៍បញ្ជាក់ថា នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ នឹងកោះអញ្ជើញម្ចាស់KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងអស់ មកធ្វើកិច្ចសន្យាឲ្យផ្អាធ្វើសកម្មភាពលើអាជីវកម្មជាលើកដំបូង បើសិនជាម្ចាស់អាជីវកម្មទាំងនោះនៅតែបន្តលួចលាក់បើក លោកនឹងចាប់ផ្តើមចាត់វិធាការតាមផ្លូវច្បាប់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩(COVID-19) ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ខណៈដែលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានការផ្ទុះឡើងឆ្លងរីករាលដាលក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ នោះនូវមិនទាន់ថមថយនៅឡើយ។
ករណីKTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) មួយចំនួននៅតែបន្តបើលួចលាក់បាន ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរក្រុងនោះ ត្រូវបានមហាជនដាក់ការសង្ស័យថា អាចជាមានខ្នងបង្អែកដ៏រឹងមាំហើយមើលទៅ។តែទោះយ៉ាងនេះក្តីមហាជនសង្ឃឹមជឿជាក់ទៅលើចំណាត់របស់គណៈបញ្ជាឯកភាព នៃរដ្ឋបាលក្រុងប៉ោយប៉ែត៕