អភិបាលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក និងនាំយកអំណោយមួយចំនួន ផ្តល់ជូនកម្មករ កម្មការនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ
ខេត្តស្វាយរៀង៖បន្ទាប់ពីទទួលបាននូវព័ត៌មានថា នៅវេលាម៉ោងប្រហែល៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងលើរថយន្តដឹកកម្មករ បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកម្មករ របួសធ្ងន់ ស្រាល សរុបចំនួន៥៨នាក់ ធ្ងន់៧នាក់ មធ្យម៣នាក់ ស្រាល៤៨នាក់ ស្ថិតនៅក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងភ្លាម ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់កម្លាំងចុះអន្តរាគមន៍ ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ និងបានអញ្ជើញដឹកនាំក្រុមការងារសាខាចុះសួសុខទុក និងនាំយកថវិកាមួយចំនួន ផ្តល់ជូនដល់កម្មករ កម្មការនីដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំនួន៦នាក់ មន្ទីរពេទ្យបង្អែកស្វាយទាបចំនួន៥នាក់ មន្ទីរពេទ្យបង្អែកជីភូចំនួន៣៦នាក់ និងនៅក្លីនិចបូពារ៍ក្រុងបាវិតចំនួន១១នាក់។
អំណោយដែលត្រូវផ្តល់ជូនដល់កម្មករ កម្មការនីដែលរងរបួសធ្ងន់ចំនួន៧នាក់ ក្នុងម្នាក់ថវិកា ៤០០,០០០ រៀល,អ្នករបួសមធ្យម៣នាក់ ក្នុងម្នាក់ថវិកា១៥០,០០០រៀល, និងអ្នករបួសស្រាល៤៨នាក់ ក្នុងម្នាក់ ថវិកា១០០,០០០ រៀល។
នៅក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវបណ្តាំផ្ញើរសាសសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសំដែងនូវការសោកស្តាយចំពោះហេតុការដែលបានកើតឡើងលើបងប្អូនកម្មករកម្មការិនី និងសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយ នឹងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិតដល់ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត ។
ជាមួយគ្នានោះឯកឧត្តម ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ដោយមិនរើសអើងឡើយ។ទន្ទឹមនឹងនេះ ឯកឧត្តមក៍បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែដោះស្រាយ ឆ្លើយតបគ្រោះមហន្តរាយជាបន្តបន្ទាប់ទាន់ពេលវេលា នៅពេលដែលអ្នករងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ៕