ឯកឧត្តមអភិបាលខេត្តកណ្ដាលចុះពង្រឹង ដល់អាជ្ញាធរស្រុកល្វាឯម បន្ទាប់ពីរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ លើប្រជាពលរដ្ឋរស់នៅឃុំពាមឧកញ៉ាអុង និងឃុំអរិយក្សត
ខេត្តកណ្តាល៖បន្ទាប់មានករណីផ្ទុះជំងឺកូវីដ-១៩ ទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពាមឧកញ៉ាអុង និងឃុំអរិយក្សត្រ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះទៅពង្រឹងដល់អាជ្ញាធរស្រុកល្វាឯម និងសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង។
លោក កន សុកាយ អភិបាលស្រុកល្វាឯម បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ លទ្ធផលធ្វើតេស្តរកមេរោគកូវីដ-១៩ គិតត្រឹមថ្ងៃទី១០ ខែមីនា បានរកឃើញប្រជាពលរដ្ឋមានផ្ទុកមេរោគកូវីដ-១៩ ចំនួន១០នាក់ រស់នៅឃុំពាមឧកញ៉ាអុង និងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ហើយមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ចំនួន៣៤៦នាក់ បានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន២៤៣។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់អាជ្ញាធរស្រុកល្វាឯម ក្នុងការគ្រប់គ្រងអ្នកកំពុងធ្វើចត្តាឡីស័កបានល្អ ដោយរក្សានៅអនាម័យ ការស្នាក់នៅ និងអាហារ១ថ្ងៃ ៣ពេលផងដែរ។ជាងនេះទៅទៀតអាជ្ញាធរស្រុកល្វាឯម មានបទពិសោធន៍ល្អក្នុងការតាមដាន ស្រាវជ្រាវ រកមុខសញ្ញាដែលបានប៉ះពាល់ដល់ផ្ទាល់ និងប្រយោល ជាមួយអ្នកដែលបានរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩កន្លងមក ព្រមទាំងអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កផងដែរ។
ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរភូមិ ឃុំ ត្រូវធ្វើការចុះណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យចូលរួមនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ជូនដល់ប្រជាពលរដ្ឋទាំងអស់ឱ្យអនុវត្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរភូមិ ឃុំ ត្រូវមានម៉ាស់ និងអាកុលជាប់ខ្លួនជាប្រចាំ ហើយក្នុងករណីឃើញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនណាម្នាក់ មិនពាក់ម៉ាស ត្រូវឱ្យម៉ាក់ទៅពួកគាត់ ព្រមទាំងពន្យល់ពួកគាត់ពីរបៀបបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានឱ្យដឹងដែរថា ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល ចំនួន៧៨០៧នាក់ បានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន៧២២៨នាក់ កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចិត្តាឡីស័កចំនួន ១៣០១នាក់ ធ្វើចត្តាឡីស័កនៅផ្ទះចំនួន៦៣៥៥នាក់ និងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន៣៤ នាក់ផងដែរ៕